(ប្រាក)៖ ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក ម៉ៃឡូស ហ្សេម៉ាន់ (Milos Zeman) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលរបស់លោក បានកំណត់ពេលឲ្យបារ ក្លឹបកម្សាន្ត និងភោជនីយដ្ឋានជាដើម «បិទទ្វារនៅត្រឹមម៉ោង ១០៖០០នាទីយប់» ចំពោះមុខកំណើននៃករណីឆ្លង COVID-19 រហូតដល់ ១៨,០០០នាក់ក្នុង១ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមមន្ត្រីរដ្ឋាភិបាលឆែក លោក Milos Zeman មិនមានចេញអការៈនោះឡើយ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន COVID-19 ប៉ុន្តែការឆ្លងជំងឺនេះ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីវ័យ ៧៧ឆ្នាំរូបនេះ ទើបតែបញ្ចប់ការសម្រាកព្យាបាលជំងឺរុំារ៉ៃអស់ជាង ៤០ថ្ងៃ នៅក្នុងមន្ទីរពេទ្យ។ យ៉ាងណាក៏ដោយ លោក Milos Zeman កំពុងស្ថិតក្រោមការព្យាបាល និងតាមដានអការៈយ៉ាងដិតដល់ ពីសំណាក់ក្រុមគ្រូពេទ្យឆែក។

គួរបញ្ជាក់ថា ឆែកក៏មិនខុសពីប្រទេសអឺរ៉ុបដទៃនោះដែរ ដោយឈានចូលរដូវរងា ប្រទេសនេះបាននិងកំពុងមើលឃើញ ករណីឆ្លងជំងឺ COVID-19 កើនឡើងយ៉ាងគំហុក។ ដោយឡែកប្រទេសអូទ្រីស និងស្លូវ៉ាក ដែលនៅក្បែរខាងសុទ្ធតែបានបិទខ្ទប់ (lockdown) រួចទៅហើយ ដើម្បីទប់ទល់ជំងឺនេះ។

សម្រាប់ប្រទេសឆែកវិញ ការរឹតត្បឹតក៏ត្រូវបានធ្វើឡើង ចំពោះការប្រារព្ធពិធីបុណ្យ និងព្រឹត្តិការណ៍កីឡាផ្សេងៗផងដែរ ដោយពួកគេត្រូវកំណត់មនុស្សចូលរួម មិនឲ្យលើសពី ១,០០០នាក់នោះឡើយសម្រាប់កម្មវិធីនីមួយៗ។ គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឆែកមានករណីឆ្លងជំងឺ COVID-19 សរុប ២,០៦២,០៦៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៣២,៥២៣ និងជាសះស្បើយវិញ ១.៧៩លាននាក់៕