(វ៉ាស៉ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក បានរាយការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់ម៉ិចស៉ីកូ កំពុងប្តឹងផ្តល់លើបណ្តាក្រុមហ៊ុនផលិតកាំភ្លើងរបស់សហរដ្ឋអាមេរិក សម្រាប់ការចូលរួមចំណែកក្នុងអំពើហិង្សា នៅប្រទេសម៉ិចស៉ីកូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានអាមេរិក Dallas Morning News គឺដោយសារតែកន្លងមក កិច្ចផ្តួចផ្តើមជាច្រើនត្រូវបានពិភាក្សា ហើយសកម្មភាពជាច្រើន ក៏ត្រូវបានធ្វើឡើងផងដែរ ទាំងនៅសហរដ្ឋអាមេរិកនិងនៅខាងម៉ិចស៉ីកូផ្ទាល់ ដើម្បីសំដៅកាត់បន្ថយការលួចនាំចូលកាំភ្លើងពីសហរដ្ឋអាមេរិក មកកាន់ម៉ិចស៉ីកូ ប៉ុន្តែពួកវាពុំបានចេញជាលទ្ធផលជាក់ស្តែងអ្វីឡើយ។ ដូច្នេះហើយទើបរដ្ឋាភិបាលម៉ិចស៉ីកូ សម្រេចចិត្តជ្រើសរើសយកជម្រើសផ្លូវច្បាប់តែម្តង ប្រឆាំងនឹងឫសគល់នៃសកម្មភាពរត់ពន្ធអាវុធ ចូលមកក្នុងប្រទេសខ្លួន។

សេចក្តីរាយការណ៍ដដែល បានបន្ថែមថា ក្រសួងការបរទេសម៉ិចស៉ីកូ បានបន្ទោសលើច្បាប់ធូររលុងដែលអនុញ្ញាតឲ្យ បុគ្គលនៅអាមេរិក អាចទិញអាវុធប្រល័យៗ ហើយប្រើពួកវាក្នុងហេតុការណ៍សោកនាដកម្មរាប់មិនអស់ ដូចជាករណីបាញ់ប្រហារដ៏អាក្រក់ ដែលកើតឡើងនៅទីក្រុងអែលប៉ាសូនៃរដ្ឋតិចសាស់ កាលពីឆ្នាំ២០១៩ ដ្បិតវាក៏អនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជនឆ្លងដែន ទាំងនៅខាងអាមេរិក និងខាងម៉ិចស៉ីកូ អាចទិញកាំភ្លើងតូច-ធំ បានដោយងាយស្រួល តាមមធ្យោបាយដូចជា ផ្សារទំនើប, ពិព័រណ៍កាំភ្លើង, និងសូម្បីតែអ៉ីនធើណែត។

គួរបញ្ជាក់ថា ការរត់ពន្ធអាវុធឆ្លងដែនពីសហរដ្ឋអាមេរិក ចូលមកកាន់ម៉ិចស៉ីកូ គឺជាបញ្ហាយូរអង្វែងមកហើយ នៅក្នុងទំនាក់ទំនងរវាង រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕