(ប៉េកាំង)៖ ថ្ងៃព្រហស្បតិ៍ អាទិត្យនេះជាថ្ងៃអរព្រះគុណរបស់អាមេរិក្នុងមួយឆ្នាំម្តង តាមទម្លាប់ ក្រុមគ្រួសារនីមួយៗ ជួបជុំគ្នាពិសាមាន់បារាំងដុត គឺជាខ្លឹមសារសំខាន់មួយ។ ប៉ុន្តែនៅឆ្នាំ២០២១នេះ ជនជាតិអាមេរិកប្រហែលនឹងអបអរទទួល «បាយល្ងាចនៃថ្ងៃអរព្រះគុណថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ»

សូមយកមាន់បារាំងដែលជាអាហារសំខាន់ជាឧទាហរណ៍ តាមទិន្នន័យរបស់ក្រសួងកសិកម្មរបស់អាមេរិកបានឱ្យដឹងថា មាន់បារាំងក្លាស៊ីកមួយក្បាលដែលមានទម្ងន់ពី ៨ ដល់ ១៦ផោន តម្លៃលក់ដុំគឺមួយផោន ១.៣៥ដុល្លារអាមេរិក ថ្លៃជាង២១ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ តាមការស៊ើបអង្កេតរបស់សហព័ន្ធនាយកដ្ឋានកសិដ្ឋាន របស់អាមេរិកបានឱ្យដឹងថា នៅឆ្នាំនេះ អាហារថ្ងៃអរព្រះគុណសម្រាប់១០នាក់ នឹងចំណាយ ៥៣.៣១ដុល្លារអាមេរិក ដែលមានតម្លៃថ្លៃបំផុតចាប់ពីអង្គការមួយនេះ ចាប់ផ្តើមធ្វើការស៊ើបអង្កេតបែបនេះអស់រយៈពេល៣៦ឆ្នាំមក។

អាហារថ្ងៃអរព្រះគុណដែលមានតម្លៃថ្លៃ គ្រាន់តែជាទិដ្ឋភាពតូចមួយដែលបានបង្ហាញឱ្យឃើញនូវសភាពការណ៍ដែលប្រជាពលរដ្ឋអាមេរិក បាន និងកំពុងរងផលប៉ះពាល់ ពីតម្លៃទំនិញខ្ពស់។ តម្លៃទាំងម្ហូបអាហារ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ ទាំងថាមពល រថយន្តនិងទំនិញគ្រប់ប្រភេទសុទ្ធតែបានឡើងថ្លៃយ៉ាងខ្លាំង។ ទិន្នន័យពាក់ព័ន្ធបានបង្ហាញថា នៅខែតុលាឆ្នាំនេះ អត្រាអតិផរណារបស់អាមេរិកបានបំបែកកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល៣១ឆ្នាំចុងក្រោយនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកធ្លាប់បានប្រកាសថា «អតិផរណាខ្ពស់គ្រាន់តែជាបាតុភូតបណ្តោះអាសន្ន» ប៉ុន្តែសភាពការណ៍ជាក់ស្តែងធ្វើឱ្យពាក្យសំដីនេះគ្មានភាពជឿជាក់បានទេ។

ពេលមុននេះ រដ្ឋាភិបាលអាមេរិកបានដាក់ចេញផែនការរំញោចសេដ្ឋកិច្ចចំនួនរាប់ទ្រីលានដុល្លារអាមេរិក ដើម្បីរំញោចតម្រូវការខាងការប្រើប្រាស់ ប៉ុន្តែដោយសារ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអសមត្ថភាព បានជាពន្លឿនការស្តារទីផ្សារកម្លាំងពលកម្មឡើងវិញ។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកអាណត្តិនេះនៅតែ អនុវត្តគោលនយោបាយពន្ធគយខ្ពស់ទៅលើផលិតផលចិនដែលបានដាក់ចេញដោយរដ្ឋាភិបាលអាណតិ្តមុន ប្រការនេះក៏ជាមូលហេតុសំខាន់មួយដែលបណ្តាលឱ្យតម្លៃ ទំនិញឡើងថ្លៃផងដែរ។

នាពេលថ្មីៗកន្លងទៅនេះ អង្គការពាណិជ្ជកម្មអាមេរិកចំនួន២៤ ក្នុងនោះបូករួមទាំងសមាគមពាណិជ្ជករនាំចេញនាំចូលរបស់អាមេរិក និងសភាពាណិជ្ជកម្មអាមេរិក
ជាដើម បានរួមគ្នាផ្ញើសារលិខិតជូនមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់អាមេរិក ក្នុងន័យដាស់តឿនឱ្យរដ្ឋាភិបាលអាមេរិកលុបចោលការដំឡើងពន្ធគយ ទៅលើផលិតផលចិន ដើម្បីជួយបន្ធូរបន្ថយសម្ពាធពីអតិផរណា។ ថ្លែងក្នុងសារលិខិតនេះ ពួកគេបានព្រមានថា ការដំឡើងពន្ធគយទៅលើផលិតផលចិន បាន និងកំពុងប៉ះពាល់ដល់ សហគ្រាស និងគ្រួសាររបស់អាមេរិកតាមរយៈទម្រង់តម្លៃទំនិញខ្ពស់។

ទិន្នន័យដែលពួកគេបានប្រគល់ជូនបានបង្ហាញឱ្យឃើញថា ការដែលអាមេរិកដំឡើងពន្ធគយទៅលើផលិតផលចិន បណ្តាលឱ្យពាណិជ្ជករនាំចូលរបស់អាមេរិកមាន ការខូចខាតលើសពី ១១០ពាន់លានដុល្លារអាមេរិក ក្នុងនោះ អំឡុងពេលរដ្ឋាភិបាលអាណត្តិនេះ បានខាតបង់ចំនួន៤ម៉ឺនលានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ អតិផរណា ខ្ពស់ មិនគ្រាន់តែធ្វើឱ្យសហគ្រាស និងប្រជាពលរដ្ឋអាមេរិករងផលប៉ះពាល់ពីគោលនយោបាយ «អាមេរិកជាអាទិភាព» ប៉ុណ្ណោះទេ ថែមទាំងក៏មានហានិភ័យ រីករាលដាលផងដែរ។

មាន់បារាំងដែលមានតម្លៃថ្លៃ បានផ្តល់ការព្រមានដល់ក្រុងវ៉ាស៊ីនតោន។ អ្នកនយោបាយអាមេរិកទាំងឡាយគួរតែលះបង់ចោលផលប្រយោជន៍ផ្ទាល់ខ្លួន ខាងនយោបាយ ក្នុងន័យគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងពេលឆាប់ៗ និងធ្វើសេចក្តីសម្រេចចិត្តដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនអាមេរិក និងមានទំនួល ខុសត្រូវចំពោះសហគមន៍អន្តរជាតិ៕