(យូអិន)៖ មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថាប្រទេសបង់ក្លាដែស, ឡាវ និងនេប៉ាល់ បានងើបចេញពីឋានៈជា ប្រទេសមានការអភិវឌ្ឍតិចតួច (LDC) ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីសម្រេចមួយ UNGA បានសម្រេចផ្តល់ឱ្យប្រទេសទាំង៣ នូវការងើបចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយផ្អែកលើមូលដ្ឋានពិសេសមួយ ជាមួយនឹងការរៀបចំរយៈពេល ០៥ឆ្នាំ។ ប៉ុន្តែ ប្រទេសទាំង៣ នឹងត្រូវរៀបចំផែនការសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការឆ្លងរាតត្បាតនៃជំងឺ COVID-19 ក៏ដូចជាការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ដើម្បីបញ្ជៀសការខូចខាតសេដ្ឋកិច្ច និងសង្គមដែលកើតឡើងដោយសារជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ រយៈពេលរៀបចំស្តង់ដារគឺត្រឹមតែ ០៣ឆ្នាំប៉ុណ្ណោះ។

សេចក្ដីសម្រេចនេះ គឺត្រូវរង់ចាំលទ្ធផលនៃការត្រួតពិនិត្យរយៈពេល ០៣ឆ្នាំ រហូតដល់ឆ្នាំ២០២៤ជាមុនសិន ដោយគណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យបញ្ជី LDC ជារៀងរាល់ ០៣ឆ្នាំម្តង។

ប្រទេសទាំង៣ ត្រូវបានអញ្ជើញឱ្យរៀបចំក្នុងរយៈពេល ០៥ឆ្នាំ នូវយុទ្ធសាស្ត្រផ្លាស់ប្តូរជាតិដោយរលូនរបស់ពួកគេ ដោយមានការគាំទ្រពីប្រព័ន្ធអង្គការសហប្រជាជាតិ និងក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងដៃគូពាណិជ្ជកម្មទ្វេភាគី និងពហុភាគីរបស់ពួកគេ។

សេចក្ដីសម្រេចនេះ បានបញ្ជាក់ថា ការងើបចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច មិនគួរមានការរំខាន ឬការផ្លាស់ប្តូរផែនការអភិវឌ្ឍន៍កម្មវិធី និងគម្រោង សម្រាប់ប្រទេសទាំង៣ នោះទេ។ គណៈកម្មាធិការសម្រាប់គោលនយោបាយអភិវឌ្ឍន៍ បានប្រើប្រាស់លក្ខណៈវិនិច្ឆ័យចំនួន៣ ដើម្បីកំណត់ស្ថានភាព LDC មានដូចជា ប្រាក់ចំណូលរបស់មនុស្សម្នាក់ ទ្រព្យសម្បត្តិរបស់មនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច៕