(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបំពេញទស្សនកិច្ចនៅកេនយ៉ា នីហ្សេរីយ៉ា និងសេណេហ្គាល់ មើលទៅដំណើរទស្សនកិច្ចលើកនេះ មិនមែនបង្ខំឱ្យប្រទេសអាហ្វ្រិកឈរនៅជាមួយខ្លួន ដូចសម័យរដ្ឋាភិបាលអាមេរិកអាណត្តិមុននោះទេ ក៏ប៉ុន្តែតាមពិត គោលដៅនៃដំណើរទស្សនកិច្ចលើកនេះ គឺដូចកាលពីមុនដដែល ពោលគឺប៉ុនប៉ងដាក់របាំងក្នុងទំនាក់ទំនងរវាងចិន និងអាហ្វ្រិក ដើម្បីបង្កើនកម្លាំងឥទ្ធិពលរបស់អាមេរិកនៅអាហ្វ្រិក និងបង្ខំឱ្យចន្លោះការទូតរបស់ចិនកាន់តែតូចចង្អៀត។

ប៉ុន្តែនៅអាហ្វ្រិក លោក Antony Blinken បានចាប់អារម្មណ៍ដោយផ្ទាល់ថា ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងចិន និងអាហ្វ្រិកគឺមិនអាចអុជអាលបំបែកបំបាក់បានទេ។ ការពិតក៏បានបញ្ជាក់ពីចំណុចនេះដែរ។ នៅចំពោះមុខលោក Antony Blinken រដ្ឋមន្ត្រីការបរទេសនីហ្សេរីយ៉ាបានច្រានចោលថា «យើងបានឃើញឱកាសដ៏ធំធេង ក្នុងកិច្ចសហប្រតិបត្តិការជាមួយជនជាតិចិន ពួកគេមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចកសាងវិស្វកម្មទ្រង់ទ្រាយធំ និងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ»។ កាសែត The Citizen ដែលជាប្រព័ន្ធសារព័ត៌មានសំខាន់របស់អាហ្វ្រិកខាងត្បូង បានចេញផ្សាយអត្ថបទថា «ជាការពិតណាស់ សហរដ្ឋអាមេរិកជាតួអង្គសេដ្ឋកិច្ចធំទីមួយលើពិភពលោក ក៏ប៉ុន្តែអាមេរិកគ្មានមានសិទ្ធិអំណាចឆ្កាដៃឆ្កាជើង ចំពោះមេដឹកនាំប្រទេសអាហ្វ្រិកទេ។ ប្រទេសអាហ្វ្រិកមានសិទ្ធិជ្រើសរើស ចងចំណងមិត្តភក្តិជាមួយប្រទេសណា»

ការរាប់អានជាមួយមិត្តភក្តិ សំខាន់ជាងគេគឺត្រូវមានចិត្តស្មោះត្រង់។ ក្នុងរយៈពេលយូរណាស់មកហើយ ជំនួយដែលសហរដ្ឋអាមេរិកផ្តល់ឱ្យអាហ្វ្រិក គ្រាន់តែនិយាយតាមតែមាត់ តែគ្មានផលប្រយោជន៍ជាក់ស្តែងទេ ឬក៏អមលក្ខខណ្ឌនយោបាយទៀតផង។ និយាយត្រង់ៗ សហរដ្ឋអាមេរិកមិនដែលយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍរបស់អាហ្វ្រិកដ៏ពិតប្រាកដនោះទេ ហើយក៏មិនដែលមានគោលបំណងចង់ឱ្យប្រជាជនអាហ្វ្រិក មានជីវភាពរស់នៅកាន់តែល្អប្រសើរដែរ ពោលគឺអាមេរិកគ្រាន់តែចាត់ទុកអាហ្វ្រិក ជាឧបករណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយហ្នឹងឯង។

ផ្ទុយទៅវិញ ប្រទេសចិនបានរាប់អានជាមួយនឹងមិត្តភក្តិអាហ្វ្រិក យ៉ាងស្មោះត្រង់ ហើយគោរពតាមពាក្យសន្យារបស់ខ្លួនជាប់រហូតមក ពោលគឺនិយាយម៉ាត់ណា ម៉ាត់ហ្នឹង រហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិនបានរក្សាឋានៈជា ប្រទេសភាពជាដៃគូពាណិជ្ជកម្មធំទីមួយរបស់អាហ្វ្រិក រយៈពេល១២ឆ្នាំជាប់ៗគ្នា។ ចាប់តាំងពីបានបង្កើត វេទិកាកិច្ចសហប្រតិបត្តិការរវាងចិន និងអាហ្វ្រិកមក ទំហំពាណិជ្ជកម្មរវាងចិន និងអាហ្វ្រិកបានកើនឡើង ២០ដង ការវិនិយោគផ្ទាល់របស់ចិនទៅលើអាហ្វ្រិកបានកើនឡើង ១០០ដង ដោយឡែកបានបង្កើតឱកាសការងារសរុបលើសពី ៤.៥លានកន្លែង។ល។ ប្រទេសចិនធ្វើដូចនេះដោយគិតពិចារណា ពីការលើកកម្ពស់សុខសុភមង្គលរបស់ប្រជាជនអាហ្វ្រិក និងគ្មានអមលក្ខខណ្ឌនយោបាយណាមួយទេ។

តើអ្នកណាជាមិត្តភក្តិដ៏ពិតប្រាកដរបស់អាហ្វ្រិក? ពេលវេលាបានផ្តល់ចម្លើយរួចហើយ ។ អាហ្វ្រិកត្រូវការជំនួយជាក់ស្តែង និងស្មោះត្រង់ តែមិនមែនឧបាយកលនោះទេ៕