(ដាកា)៖ វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងក្នុងស្រុកដំបូងគេបង្អស់ របស់ប្រទេសបង់ក្លាដែស បានទទួលការអនុម័តឱ្យធ្វើតេស្តលើមនុស្សហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក ហ្ក្លូប បាយអូថិច (Globe Biotech) ដែលមានឈ្មោះសម្គាល់ថា បង់ហ្កាវ៉ាក់ (Bangavax) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានទទួលការអនុម័តពី ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្របង់ក្លាដែស (BMRC) ដើម្បីឆ្ពោះទៅរកធ្វើតេស្តលើមនុស្សហើយ បន្ទាប់ពី BMRC បានពិនិត្យល្អិតល្អន់លើឯកសារទាំងអស់ ស្តីពីដំណាក់កាលធ្វើតេស្តលើសត្វ។

លោក ម៉ូហាំម៉ាត់ ម៉ូហៃយីដឌីន (Mohammad Mohiuddin) មន្ត្រីជាន់ខ្ពស់នៅក្រុមហ៊ុន Globe Biotech បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «យើងបានទទួលការអនុម័តពីក្រុមប្រឹក្សា BMRC សម្រាប់ការធ្វើតេស្តលើមនុស្សពេញវ័យ ដែលមានសុខភាពល្អរហូតដល់ ៦៤នាក់ហើយ»

លោក ម៉ូហៃយីដឌីន បានបន្ថែមថា BMRC បានជូនដំណឹងដល់ក្រុមហ៊ុនថា ពួកគេនឹងផ្តល់ការអនុម័ត សម្រាប់ការប្រើប្រាស់ទូលំទូលាយ ប្រសិនបើការធ្វើតេស្តលើមនុស្ស ដំណាក់កាលទី២ និងដំណាក់កាលទី៣ នៃវ៉ាក់សាំងរបស់ខ្លួន បង្ហាញថា មានសុវត្ថិភាពនិងប្រសិទ្ធភាព ក្នុងការប្រើប្រាស់។

គួរបញ្ជាក់ថា ក្រុមហ៊ុន Globe Biotech បានដាក់ពាក្យសុំការអនុម័ត សម្រាប់ការធ្វើតេស្តលើមនុស្ស កាលពីថ្ងៃទី០១ ខែវិច្ឆិកានេះ ដោយនិយាយថា វ៉ាក់សាំងរបស់ខ្លួន បានផ្តល់ «លទ្ធផលល្អ» ក្នុងការធ្វើតេស្តលើសត្វស្វា។ វ៉ាក់សាំងនេះ ត្រូវបានគេរាយការណ៍ថា អាចរក្សា ទុកក្នុងសីតុណ្ហភាព ០៤អង្សាសេ រយៈពេល០១ ខែ និងក្នុងសីតុណ្ហភាព ២០អង្សាសេក្រោមសូន្យ បានដល់រយៈពេល០៦ ខែ៕