(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ប្រទេសចិនបានដាក់ពាក្យស្នើសុំចូលរួម កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូ អន្តរប៉ាស៊ីហ្វិកគ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាព ហៅកាត់ CPTPP ដែលប្រការនេះបានធ្វើឱ្យសហគមន៍អន្តរជាតិ យកចិត្តទុកដាក់យ៉ាងខ្លាំង។

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំដដែលនេះ ចិនបានប្រគល់ជូនជាផ្លូវការដល់អគ្គលេខាធិការនៃសមាគមអាស៊ាន នូវឯកសារផ្ទៀងផ្ទាត់និងអនុម័តនៃ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ហៅកាត់RCEP ព្រមនិងឱ្យសមាគមអាស៊ានរក្សាទុកឯកសារ ដែលបានសម្រេចបាននូវរបៀបវារៈសម្រាប់ផ្ទៀងផ្ទាត់ និងអនុម័តលើកិច្ចព្រមព្រៀង RCEP ជាផ្លូវការ។ ដូច្នេះហើយ ហេតុអ្វីបានជាប្រទេសចិននៅចង់ចូលរួមកិច្ចព្រមព្រៀង CPTPP ទៀត? ប្រសិនបើប្រទេសចិនចូលរួមកិច្ចព្រមព្រៀង CPTPP នោះនឹងមានឥទ្ធិពលយ៉ាងណាចំពោះពិភពលោក?

ចម្លើយរបស់សំណួរនេះ យើងអាចទទួលបានក្នុងសន្និសីទសារព័ត៌មាន ដែលក្រសួងពាណិជ្ជកម្មចិនបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។

ក្នុងសន្និសីទសារព័ត៌មានលើកនេះ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រទេសចិនកាន់អាកប្បកិរិយាស្វាគមន៍ ចំពោះរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីទាំងអស់ ដែលសមស្របនឹងគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោក ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក្រោមគោលការណ៍បើកទូលាយ បរិយាប័ន្ននិងមានតម្លាភាព ។

ប្រទេសចិនជឿជាក់ថា ប្រទេសចិនចូលរួមកិច្ចព្រមព្រៀង CPTPP លើមូលដ្ឋានឈានដល់កិច្ចព្រមព្រៀង RCEP ការនេះនឹងដើរតួនាទីវិជ្ជមានក្នុងការជំរុញ ដំណើរសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក និងជំរុញការស្តារសេដ្ឋកិច្ចសកលឡើងវិញ ការអភិវឌ្ឍពាណិជ្ជកម្មនិងកំណើនការវិនិយោគ។ ដោយឡែក នឹងផ្តល់ទំនិញនិងសេវាកម្មប្រកបដោយគុណភាពកាន់តែល្អ ដល់ប្រជាជននៃរដ្ឋសមាជិករបស់កិច្ចព្រមព្រៀង CPTPP ដើម្បីធ្វើឱ្យប្រជាជនទទួលបានផលប្រយោជន៍ជាក់ស្តែង ។

តាមដំណឹងនៃវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលកម្ពុជា នឹងចូលជាធរមាននិងអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២២។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា ជានិមិត្តសញ្ញាថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងមានអំណោយផលដល់ការនាំមកនូវ សុខសុភមង្គលកាន់តែច្រើនជូនចំពោះសហគ្រាស និងប្រជាជននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២១ ប្រទេសចិនបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៩ច្បាប់ ជាមួយនឹងប្រទេសនិងតំបន់ចំនួន២៦លើពិភពលោក។ ទំហំពាណិជ្ជកម្មរវាងចិននិងដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានកើនឡើងពី ១២.៣ភាគរយនៅឆ្នាំ២០១២ ដល់៣៥ភាគរយនៅឆ្នាំ២០២០។
ពិតមែនតែពាណិជ្ជកម្មសកល បានធ្លាក់ចុះដោយសាររងផលប៉ះពាល់ពី ការរីករាលដាលនៃជំងឺកូវីដ១៩ នៅឆ្នាំ២០២០ក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងចិននិងដៃគូនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បែរជាបានកើនឡើង៣.២ភាគរយ។ តាមស្ថិតិនៃអគ្គរដ្ឋបាលគយចិនឱ្យដឹងថា នៅឆមាសទីមួយនៃឆ្នាំ២០២១ បរិមាណនាំចេញនាំចូលរបស់ចិន ជាមួយនឹងដៃគូពាណិជ្ជកម្មនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង២២.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បច្ចុប្បន្ននេះ សមាហរណកម្មសេដ្ឋកិច្ចសកលមានភាពកាន់តែច្បាស់លាស់ ការបែងចែកខ្សែសង្វាក់ឧស្សាហកម្មអន្តរជាតិ ក៏មានភាពកាន់តែល្អិតល្អន់ ក្នុងបរិបទបែបនេះ ប្រទេសចិនចូលរួមកិច្ចព្រមព្រៀង CPTPP នឹងដើរតួនាទីជំរុញលំនឹងខ្សែចង្វាក់ឧស្សាហកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងទូទាំងពិភពលោក ព្រមនិងបង្កើតទីផ្សារប្រើប្រាស់កាន់តែធំធេង ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងអន្តរតំបន់ ក្លាយជាវេទិកាអភិវឌ្ឍន៍ដែលអាចផ្តល់ជំនួយដល់គ្នាទៅវិញទៅមក ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះផងដែរ៕