(សេអ៊ូល)៖ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,១១៦នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ខណៈប្រទេសនេះកំពុងព្យាយាមប្រយុទ្ធប្រឆាំង ដើម្បីទប់ស្កាត់ការកើនឡើង នូវករណីអ្នកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីពេទ្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម ប៊ូគ្យុម (Kim Boo-kyum) បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំ ឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះថា បើក្រឡេកមើលទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះតែម្នាក់ឯង ស្ថានភាពគឺធ្ងន់ធ្ងរគ្រប់គ្រាន់ ក្នុងការត្រៀមផែនការប្រកាសអាសន្ននៅគ្រប់ពេលវេលា។

លោក Kim Boo-kyum បានអំពាវនាវឱ្យអាជ្ញាធរសុខាភិបាល ចាត់ចែងអ្នកជំងឺទៅតាមស្ថានភាព ឬរោគសញ្ញារបស់ពួកគេ និងប្រើប្រាស់ជម្រើសនៃការ សម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង! សម្រាប់ករណីស្រាល ឬករណីគ្មានរោគសញ្ញា។ លោក Kim Boo-kyum បានថ្លែងទៀតថា កាលពីសប្តាហ៍មុន តិចជាង ២០% ប៉ុណ្ណោះនៃអ្នកជំងឺ COVID-19 សរុប ដែលអាចសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង។

បើតាមការលើកឡើងរបស់ KDCA ផែនការប្រកាសអាសន្ន អាចនឹងត្រូវដាក់ចេញគ្រប់ពេល អាស្រ័យលើការវាយតម្លៃលើហានិភ័យ នៃការកង្វះការឆ្លើយតបផ្នែកវេជ្ជសាស្រ្ត, ការកើនឡើងនៃចំនួនអ្នកជំងឺវ័យចំណាស់ និងការកើនឡើងនៃការចាក់វ៉ាក់សាំងដូសជំរុញ។ KDCA បានបញ្ជាក់ទៀតថា យ៉ាងហោចណាស់ ៦៩% នៃគ្រែសង្គ្រោះបន្ទាន់ ត្រូវបានពេញទៅដោយអ្នកជំងឺហើយ នៅទូទាំងប្រទេស ក្នុងនោះមានប្រហែល ៨៣% នៅក្នុងរដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញនោះប៉ុណ្ណោះ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានកត់ត្រានូវករណីឆ្លង COVID-19 បន្ទាប់ពីជំងឺនេះបានលេចចេញនៅចិន កាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកទល់ពេលនេះ កូរ៉េខាងត្បូងបានកត់ត្រា ករណីឆ្លងសរុបនៅទូទាំងប្រទេស ៤២៥,០៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៦៣នាក់ ខណៈ ៧៩.១% នៃប្រជាជនសរុប ៥២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ ប៉ុន្តែមានតែ ៤.១% ប៉ុណ្ណោះបានចាក់វ៉ាក់សាំងដូសជំរុញ៕