(ចាឡាឡាបាដ)៖ មន្ត្រីថ្នាក់តំបន់នៅអាហ្វហ្គានីស្ថាន ក្នុងថ្ងៃអង្គារនេះបានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ប្រហែល ១០០នាក់ បានសុខចិត្តចុះចាញ់ការបង្ក្រាបរបស់កងកម្លាំង នៅក្នុងខេត្ត ណាងហ្គាហា (Nangarhar) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ម៉ូហាំម៉ាត់ បាហ្សឺ (Mohammad Bashir) ប្រធានអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ខេត្ត Nangarhar (GDI) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ក្រុមសកម្មប្រយុទ្ធ ISIS ប្រហែល ១០០នាក់បានសុខចិត្តចុះចាញ់ប្រគល់ខ្លួនឱ្យក្រុមមន្ត្រី GDI នៅក្នុងទីក្រុងចាឡាឡាបាដ (Jalalabad) នៃខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន នៅព្រឹកថ្ងៃអង្គារនេះ»

លោក Mohammad Bashir បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធដែលបានចុះចាញ់ បានធ្វើសកម្មភាពជាច្រើននៅក្នុងស្រុក មឹសម៉ាន់ ដារ៉ា (Muhmand Dara), ឆាផាហា (Chaparhar), កូត (Kot) និង ខូជីអានី (Khogiani)។ ជាមួយនឹងការចុះចាញ់របស់ពួកគេ សន្តិភាព និងស្ថិរភាពនឹងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងខេត្តប្រជុំភ្នំមួយនេះ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ ISIS ដែលបានធ្វើការវាយប្រហារជាច្រើនលើកច្រើនសារ នៅក្នុងខេត្ត Nangarhar ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ លើរបាយការណ៍ខាងលើនេះនៅឡើយទេ៕