(ប៉េកាំង)៖ «យើងបានប្រកាសជាផ្លូវការថានឹងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងអាស៊ាន»។ នៅថ្ងៃទី២២ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលដើម្បីរំលឹកខួបទី៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងប្រទេសចិន និងអាស៊ានតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង ព្រមទាំងបានប្រកាសសេចក្តីសម្រេចចិត្តដ៏សំខាន់ពោលខាងលើនេះ។

ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានដែលបានដំណើរការអស់រយៈពេល ៣០ឆ្នាំ ទទួលបាននិមិត្តសញ្ញាថ្មីមួយ ប្រការនេះនឹងនាំមកនូវជីវភាពរស់នៅកាន់តែ ល្អបវរដល់ប្រជាជនចំនួនជាង ២ពាន់លាននាក់នៃប្រទេសចំនួន ១១។ ថ្លៃងក្នុងសុន្ទរកថា លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងអាស៊ានដែលទទួលបានក្នុង ៣០ឆ្នាំកន្លងទៅនេះ មិនគ្រាន់តែមកពីភាគីទាំងពីរមានល័ក្ខខ័ណ្ឌពិសេស ដូចជា មានទីតាំងភូមិសាស្ត្រជិតគ្នា និងការតភ្ជាប់គ្នាវប្បធម៌មនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងក៏មិនឃ្លាតពីការដែលភាគីយើងទាំងពីរដើរស្របនឹងចរន្តអភិវឌ្ឍន៍ក្នុងយុគសម័យ ហើយបានធ្វើការជ្រើសរើសដ៏ត្រឹមត្រូវក្នុងប្រវិត្តសាស្ត្រផងដែរ។

ពោលគឺ ទី១ គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ទី២ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។

ទី៣ ជួយយកអាសាគ្នាទៅវិញទៅមក អនុវត្តជាក់ស្តែងនូវទស្សនៈស្តីពីជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងបរិយាប័ន្ន។ ទី៤ ភាពរិយាប័ន្ន និងរៀនសូត្រពីគ្នា រួមគ្នាកសាងតំបន់ដែលមានភាពបើកទូលាយ។

លោក Xi Jinping បានថ្លែងទៀតថា បទពិសោធន៍ដ៏មានតម្លៃក្នុងរយៈពេល ៣០ឆ្នាំ ជាទ្រព្យសម្បត្តិរួមរបស់ប្រទេសចិន និងអាស៊ាន ហើយបានតាំងមូលដ្ឋានគ្រឹះ និងផ្តល់ ការណែនាំសម្រាប់ឱ្យភាគីទាំងពីរអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ។ យើងគួរតែថែរក្សានិងប្រកាន់ខ្ជាប់ជាប់ រហូតព្រម និងបន្តពង្រឹង និងអភិវឌ្ឍក្នុងប្រតិបត្តិការថ្មីជាបន្តបន្ទាប់។

លោក Xi Jinping បានសង្កត់ធ្ងន់ថានៅអតីតកាល បច្ចុប្បន្នកាល និងអនាគត ប្រទេសចិនជាប្រទេសជិតខាងល្អមិត្តល្អនិងដៃគូល្អ របស់អាស៊ានជាប់រហូត។ ប្រទេសចិន នឹងប្រកាន់ខ្ជាប់ការតម្កល់ទុកអាស៊ានជាទិសដៅអាទិភាពនៃកិច្ចការទូតជាមួយប្រទេសជិតខាងយ៉ាងមុតមាំមិនងាករេ ផ្តល់ការគាំទ្រយ៉ាងមុតមាំមិនងាករេដល់សាមគ្គីភាព អាស៊ាន និងកិច្ចកសាងសហគមន៍រួមអាស៊ាន គាំទ្រយ៉ាងមុតមាំមិនងាករេដល់តួនាទីជាស្នូលរបស់អាស៊ានក្នុងក្របខ័ណ្ឌតំបន់ គាំទ្រយ៉ាងមុតមាំមិនងាករេដល់អាស៊ាន ដើម្បីឱ្យអាស៊ានដើរតួនាទីកាន់តែធំក្នុងកិច្ចការក្នុងតំបន់និងអន្តរជាតិ។

បច្ចុប្បន្ននេះ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ជាភារកិច្ចបន្ទាន់ ប្រទេសចិន និងប្រទេសអាស៊ានបានជួយយកអាសាគ្នាទៅវិញទៅមកជាប់រហូតមក។ ឧទាហរណ៍ដូចជានៅកម្ពុជា អាស្រ័យដោយទទួលបានជំនួយឧបត្ថម្ភពីប្រទេសចិន បានជាអត្រានៃការចាក់វ៉ាក់សាំងរបស់កម្ពុជា បានឡើងដល់ជិត៩០ភាគរយ។ ដោយឡែក ក្នុងកិច្ចប្រជុំកំពូលលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីវិធានការថ្មីមួយចំនួនទៀត ក្នុងនោះបូករួមទាំងការផ្តល់ម្តងទៀតនូវជំនួយជាវ៉ាក់សាំងជំងឺកូវីដ១៩ ឥតគិតថ្លៃចំនួន ១៥០លានដូសដល់ប្រទេសអាស៊ាន និងបន្ថែមផ្តល់ទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិកដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់អាស៊ាន ម្តងទៀតជាដើម។

ប្រការទាំងនេះនឹងផ្តល់ការគាំទ្រកាន់តែខ្លាំងក្លាសម្រាប់ឱ្យប្រទេសអាស៊ីអាគ្នេយ៍យកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង។ ឈរនៅទីចាប់ផ្តើមថ្មីនិងខិតខំលុបបំបាត់ការរំខាន ចាត់ទុកការសម្រេចបាននូវបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពដ៏ល្អបវរជាភារកិច្ចចម្បង ក៏ដូចជាបានអនុវត្តជាក់ស្តែងក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ នោះប្រទេសចិន និងអាស៊ានមុខជានឹងបង្កើតការអភិវឌ្ឍ និងវិបុលភាពកាន់តែធំជាមិនខាន៕