(ភ្នំពេញ)៖ ដំណឹងដ៏គួរឱ្យរីករាយមួយត្រូវបានប្រកាស ដោយក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ២២ ខែវិច្ឆិកានេះ ស្របនឹងការប្រារព្ធធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ាន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងចិន និងអាស៊ាន ពោលគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា នឹងមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ។

បន្ទាប់ពីការចុះហត្ថលេខាបានជាងមួយឆ្នាំ កិច្ចព្រមព្រៀងនេះបានកំណត់ពីពេលវេលាជាក់លាក់ នៃការចូលជាធរមានជាផ្លូវការ ដែលនេះមានន័យថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិន និងកម្ពុជានឹងឈានចូលក្នុងយុគសម័យថ្មី ដែលកាន់តែស្អិតល្មួត ងាយស្រួល សេរី រស់រវើក និងមានកម្រិតខ្ពស់។

អនុលោមតាមខ្លឹមសារពាក់ព័ន្ធនៃកិច្ចព្រមព្រៀងនេះ ទំនិញលើសពី ៩០ ភាគរយ នឹងត្រូវលើកលែងពន្ធគយទៅវិញទៅមក ប្រការនេះមានអំណោយផលដល់ ការបញ្ចុះដើមទុនផលិតកម្មរបស់សហគ្រាសទ្វេភាគី ដែលមានន័យថានឹងនាំមកជូនអ្នកប្រើប្រាស់ នៃប្រទេសទាំងពីរនូវផលិតផលដែលមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យជាងមុន ពោលគឺនឹងនាំមកនូវផលប្រយោជន៍ ជូនទាំងសហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ ហើយក៏ជាការរួមចំណែកដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរៀងខ្លួនផងដែរ។

ក្រៅពីជំរុញពាណិជ្ជកម្មទំនិញ កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកដល់ ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ធុរកិច្ចអេឡិចត្រូនិក និងបច្ចេកវិទ្យាជាដើម ពិសេសគឺការសិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការ «ខ្សែក្រវាត់និងផ្លូវ» ដែលអាចនិយាយបានថាជានិមិត្តសញ្ញាថ្មី នៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរចិន និងកម្ពុជា។

ជាការពិតណាស់ ទីផ្សារដែលមានចំនួនប្រជាជន ១,៤០០លាននាក់របស់ប្រទេសចិន នឹងផ្តល់នូវវេទិកាដ៏ធំទូលាយ សម្រាប់វត្តមានរបស់ផលិតផលខ្មែរ ជាពិសេសគឺកសិផល។ ប្រជាកសិករកម្ពុជាដែលកន្លងមក តែងជួបប្រទះនឹងបញ្ហាខ្វះខាតទីផ្សារ នឹងទទួលបានទីផ្សារដ៏ធំ តាមរយៈការលើកកម្ពស់ស្តង់ដាគុណភាពនៃកសិផលរបស់ខ្លួន។ ល្គឹកណាដែលកសិផលរបស់បងប្អូន ប្រជាកសិករខ្មែរត្រូវបាននាំចេញទៅប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងនេះ ល្គឹកនោះប្រាក់ចំណូលរបស់ពួកគាត់ក៏នឹងកើនឡើងដែរ ហើយជីវភាពដែលបានធូរធារឡើង នឹងជួយឱ្យពួកគាត់ចាកចេញពីភាពក្រីក្រ ដែលស្របតាមទិសដៅកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។

អ្វីដែលគួររំលឹកគឺនៅថ្ងៃ ២២ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ាន ដើម្បីរំលឹកខួបអនុស្សាវរីយ៍ទី ៣០ នៃការបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាន និងចិន ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន និងអាស៊ានបានរួមគ្នា ប្រកាសពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនាមជាមិត្តដែកថែបរបស់ចិន និងជាសមាជិកមួយរបស់អាស៊ាន កម្ពុជានឹងទទួលបានផលប្រយោជន៍ទ្វេដង ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងចិន-អាស៊ាន។

ទំនាក់ទំនងសន្ទនារវាងអាស៊ាន និងចិនបានដើរឆ្លងកាត់រយៈពេល ៣០ ឆ្នាំ ដែលប្រកបដោយលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ បើទោះបីជាក្នុងដំណើរនេះ កើតមានភាពរកាំរកូសបន្តិចបន្តួចក្តី ក៏ប៉ុន្តែភាគីទាំងពីរបានប្រកាន់ខ្ជាប់ស្មារតីដោះស្រាយបញ្ហា តាមការពិគ្រោះពិភាក្សាដោយសន្តិវិធី រហូតបានឈានដល់គំនិតឯកភាពរួមជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំកំពូលនេះថា អាស៊ាន-ចិន បានបង្កើតទំនាក់ទំនងដ៏ស្អិតល្មួត ប្រកបដោយសាមគ្គីភាព និងផ្លែផ្កា ដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងតំបន់ទាំងពីរ។

ចំណែកឯលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកពីសំណើ ៤ ចំណុចដើម្បីអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាស៊ាននាពេលអនាគត ពោលគឺទី១ គោរពគ្នាទៅវិញទៅមក ប្រកាន់ខ្ជាប់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ ទី២ ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព។ ទី៣ ជួយគ្នាទៅវិញទៅមក។ ទី៤ បរិយប័ន្ននិងរៀនសូត្រពីគ្នា ដើម្បីរួមគ្នាកសាងតំបន់និយមដែលបើកទូលាយ។

ជាក់ស្តែងគឺដូចអ្វីដែលយើងទាំងអស់គ្នា បានមើលឃើញយ៉ាងប្រចក្សហើយថា មិនថាការឈានដល់ការសម្រេចបាននូវការរួមគ្នា កសាងសហគមន៍រួមវាសនាចិន-កម្ពុជា ឬក៏សហគមន៍រួមវាសនាចិន-អាស៊ានក្តី ប្រទេសចិនគឺជាតួអង្គនិងជាកម្លាំងចលករសំខាន់ ដែលមិនអាចខ្វះបាន ។ គោលនយោបាយរួមរស់នៅដោយសន្តិសហវិជ្ជមាន ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់ចិន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរួម និងវិបុលភាពរួមក្នុងតំបន់ និងពិភពលោក ហើយការរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ គង់នឹងអាចសម្រេចបានជាមិនខាន៕

(អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)