(បូស្ដុន)៖ ក្រុមហ៊ុនផលិតកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Smith & Wesson និងក្រុមហ៊ុន Sturm Ruger & Co នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យ ចៅក្រមអាមេរិកច្រានចោលពាក្យបណ្ដឹងរបស់រដ្ឋាភិបាលម៉ិកស៉ិក ដែលបានចោទប្រកាន់ពួកគេថាបានជួយសម្រួលដល់ការរត់ពន្ធកាំភ្លើងលក់ឱ្យក្រុមឧក្រិដ្ឋជន

គ្រឿងញៀន នាំឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងការធ្វើបទបង្ហាញខ្លីមួយ ក្រុមហ៊ុនផលិតកាំភ្លើងខាងលើបានប្រាប់ចៅក្រមសហព័ន្ធអាមេរិកម្នាក់ ក្នុងទីក្រុង បូស្ដុន (Boston) ថាពាក្យបណ្ដឹងប្ដឹងទាមទារសំណង ១០ពាន់លានដុល្លាររបស់ម៉ិកស៉ិក គឺជារឿងមិនត្រឹមត្រូវប៉ះពាល់ដល់តម្លៃជាតិ និងមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីចោទប្រកាន់ប្រឆាំងនឹងពួកគេឡើយ។ ផ្ទុយទៅវិញ ការលក់កាំភ្លើងរបស់ពួកគេមិនត្រឹមតែស្របច្បាប់ប៉ុណ្ណោះ តែថែមទាំងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញអាមេរិកទៀតផង។

គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ិកស៉ិក បានជំរុញជារឿយៗឱ្យសហរដ្ឋអាមេរិកជួយបញ្ឈប់ការរត់ពន្ធកាំភ្លើងខុសច្បាប់ចូលទៅក្នុងប្រទេសម៉ិកស៉ិក ដែលមានគោលដៅលក់ឱ្យ ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ខណៈក្នុងមួយឆ្នាំៗ កាំភ្លើង ៥០០,០០០ដើម ត្រូវបានរត់ពន្ធពីសហរដ្ឋអាមេរិកចូលក្នុងប្រទេសម៉ិកស៉ិក៕