(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីវិន (Tsai Ing-wen) បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា កងទ័ពអាមេរិកមួយចំនួនតូច ត្រូវបានដាក់ឲ្យឈរជើងនៅដែនកោះនេះ ដើម្បីហ្វឹកហាត់ជាមួយកងទ័ពរបស់តៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

ក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានឲ្យដឹងដូច្នេះថា «យើងមានកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ ជាមួយសហរដ្ឋអាមេរិក ដោយមានគោលដៅពង្រឹងសមត្ថភាពការពារជាតិរបស់យើង»។ ឆ្លើយតបនឹងសំណួរថាតើ មានកងទ័ពអាមេរិកចំនួនប៉ុន្មាន នៅកោះតៃវ៉ាន់ លោកស្រី ត្សៃ បានត្រឹមបង្ហើបថា មិនច្រើនដូចមនុស្សគ្រប់គ្នាគិតឡើយ។

កាលពីដើមខែតុលានេះ បណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន ធ្លាប់បានរាយការណ៍ថា សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពឲ្យទៅបង្វឹកយោធានៅតៃវ៉ាន់ ស្របពេលដែលចិនបានបង្កើនសកម្មភាព នៅក្បែរដែនកោះនេះ។ ក្រោយមានសេចក្តីរាយការណ៍បែបនោះ ក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែកាត់ផ្តាច់ ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ ហើយឈប់លក់អាវុធឲ្យដែនកោះនេះទៀត ដើម្បីចៀសវាងការបំផ្លាញទំនាក់ទងចិន-អាមេរិក៕