(អាមេរិក)៖ លទ្ធផលស្ទង់មតិថ្មីចុងក្រោយបានមកពីស្ថាប័ន អាកស៊ីយ៉ូស-អ៊ីបសូស (Axios-Ipsos) នៅសហរដ្ឋអាមេរិកឲ្យដឹងថា ការជឿជាក់លើលោកប្រធានាធិបតី ចូ បៃដិន ថាអាចស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ ពីវិបត្តិបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 បានធ្លាក់ចុះមកនៅត្រឹម ៤៤% ប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១។

លទ្ធផលស្ទង់មតិខាងលើនេះ គឺបង្ហាញពីការធ្លាក់ចុះទំនុកចិត្តដ៏ធំសម្បើមមួយ ពីសំណាក់មនុស្សពេញវ័យជាទូទៅនៅសហរដ្ឋអាមេរិក ពីខ្ទង់ ៥២% កាលពីពេលលោក ចូ បៃដិន ទើបស្បថឡើងកាន់តំណែងជាប្រធានាធិបតី នៅចុងខែមករា ឆ្នាំ២០២១ មកនៅត្រឹម ៤៤% នៅខែតុលា ឆ្នាំ២០២១នេះ។ Axios-Ipsos ក៏បានព្រមានផងដែរថា លទ្ធផលនេះនឹងធ្វើឲ្យគណបក្សប្រជាធិបតេយ្យ ពិបាកក្នុងការរក្សាភាពនាំមុខក្នុងការដឹកនាំ ឈានចូលដល់ពាក់កណ្តាលអាណត្តិនៅឆ្នាំ២០២២។

សម្រាប់ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យវិញ ៧១% នៃពួកគេបានបង្ហាញទំនុកចិត្តខ្ពស់ ថាលោក ចូ បៃដិន នឹងមានសមត្ថភាពស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ បានឆាប់រហ័សបន្ទាប់ពីជំងឺ COVID-19 បិទបញ្ចប់។ ប៉ុន្តែអត្រាគាំទ្រនេះ គឺធ្លាក់ចុះខ្លាំងប្រើធៀបនឹង ៨៦% នៃលទ្ធផលដែលត្រូវបានស្ទាបស្ទង់ កាលពីពេលលោក ចូ បៃដិន ស្បថចូលកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

គួរបញ្ជាក់ថា អតិផរណានៅសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល ១៣ឆ្នាំមកនេះ កាលពីខែកញ្ញា ឆ្នាំ២០២១ ដោយសារតែតម្លៃអាហារ និងការជួលបានកើនឡើង ដែលជាការកាត់កងចូលទៅក្នុងខ្ទង់ចំណាយ នៃអ្នកប្រើប្រាស់។ បន្ថែមពីនេះ កាលពីខែសីហា ឆ្នាំ២០២១ អ្នកបម្រើការងារសរុប ៤.៣លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក បានសម្រេចចិត្តលាឈប់ពីការងាររបស់ពួកគេ ដោយសារតែខ្លាចឆ្លងជំងឺ COVID-19៕