(ប៉េកាំង)៖ យើងគួរគាំពារកិត្យានុភាពនិងឋានៈ របស់អង្គការសហប្រជាជាតិយ៉ាងមុតមាំ ដើម្បីរួមគ្នាអនុវត្តពហុភាគីនិយមដ៏ពិតប្រាដក។ ក្នុងកិច្ចប្រជុំរំលឹកខួបទី៥០នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ដោយបានអធិប្បាយជាថ្មីម្តងទៀត ពីគោលជំហរជាគោលការណ៍របស់ប្រទេសចិន ចំពោះបញ្ហាជាគន្លឹះដែលថា «តើពិភពលោកត្រូវការសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងណា?»

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវពហុភាគីនិយម ជានិច្ចកាល ប្រទេសចិនតែងតែធ្វើជាអ្នកគាំពារ នៃសណ្តាប់ធ្នាប់អន្តរជាតិ។ ក្នុងបរិបទយុគសម័យបច្ចុប្បន្ននេះ ការសន្និដ្ឋានរបស់លោកប្រធាន Xi Jinping មានសារសំខាន់ជាក់ស្តែងក្រៃលែង។

ដោយរងឥទ្ធិពលពីភាពបម្រែបម្រួលដ៏ខ្លាំង និងការរីករាលដាលនៃជំងឺឆ្លងដែលមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំកន្លងមក សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក បានប្រឈមនឹងការសាកល្បងជាច្រើន។ ប្រទេសប៉ែកខាងលិចមួយចំនួនបានបំផ្លិចបំផ្លាញ ដល់សណ្តាប់ធ្នាប់អន្តរជាតិតាមទំនើងចិត្ត ដោយយកអ្វីដែលហៅថា «ក្បួនច្បាប់» និង «ពហុភាគីនិយម» ធ្វើជាលេស ពួកគេញុះញង់ឲ្យមានការបដិបក្ខនិងការបែកបាក់គ្នា ហើយនិយាយចំពោះក្បួនច្បាប់អន្តរជាតិ បើសិនជាត្រូវការក៏យកមកប្រើប្រាស់ បើមិនត្រូវការ ក៏លះបង់ចោល និងប៉ុនប៉ងបង្ខិតបង្ខំឱ្យប្រទេសដទៃអនុវត្តតាមឆន្ទៈ និងស្តង់ដាររបស់ខ្លួនដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់កម្មវត្ថុជាគោការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងនាមជារដ្ឋសមាជិកស្ថាបនិករបស់អង្គការសហប្រជាជាតិ បទពិសោធន៍ដ៏សំខាន់មួយរបស់ប្រទេសចិន ក្នុងការធ្វើកិច្ចសហប្រតិបតិ្តការជាមួយអង្គការសហប្រជាជាតិ ក្នុងរយៈពេល៥០ឆ្នាំកន្លងមក គឺជានិច្ចកាល តែងតែប្រកាន់ខ្ជាប់ឧត្តមគតិរបស់អង្គការសហប្រជាជាតិ និងប្រកាន់ខ្ជាប់ការដើរតាមផ្លូវពហុភាគីនិយមយ៉ាងមុតមាំមិនងាករេ។

នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធនឹងបញ្ហាដូចជាហេតុអ្វីបានជាពិភពលោក ត្រូវការពហុភាគីនិយម និងត្រូវការពហុភាគីនិយមយ៉ាងណាជាដើម លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ចេញមតិប្រកបដោយវិចារណញ្ញាណ ដោយបានលើកឡើងយ៉ាងច្បាស់ថា នៅលើពិភពលោកមានប្រព័ន្ធតែមួយ សណ្តាប់ធ្នាប់តែមួយ និងក្បួនច្បាប់តែមួយ ហើយបានគូសបញ្ជាក់ថា «ខ្លឹមសារសំខាន់របស់ពហុភាគីនិយម គឺបណ្តាប្រទេសនានាធ្វើការពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីដោះស្រាយកិច្ចការនៅលើផ្ទៃអន្តរជាតិ ជោគវាសនានិងអនាគតរបស់ពិភពលោក ត្រូវក្តាប់ជាប់ក្នុងដៃរបស់បណ្តាប្រទេសនានា»។ ចម្លើយយ៉ាងច្បាស់លាស់របស់ប្រទេសចិនទាំងនេះ បានបំពេញបន្ថែមនូវកម្លាំងប្រកបដោយស្ថិរភាព ក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ ដែលបាននិងកំពុងឆ្លងកាត់នវានុវត្តន៍ និងបម្រែបម្រួលយ៉ាងជ្រាលជ្រៅ។

នាពេលបច្ចុប្បន្ននេះ មិនថាធ្វើការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ១៩ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ឬក៏លើកកម្ពស់សេដ្ឋកិច្ចសកល និងដោះស្រាយបញ្ហាអតុល្យភាព នៃការអភិវឌ្ឍន៍ជាសកលក៏ដោយ ក៏ជានិច្ចកាល ប្រទេសចិនតែងតែធ្វើការខិតខំប្រឹងប្រែង ដើម្បីដើរតួនាទីតាមរយៈក្របខណ្ឌពហុភាគីនិយម ដែលដឹកនាំដោយអង្គការសហប្រជាជាតិ។ សូមយកការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុជាឧទាហរណ៍ ប្រទេសចិនបានសន្យាយ៉ាងម៉ឺងម៉ាត់ និងឱឡារិកនូវតារាងពេលវេលាសម្រាប់ ការកាត់បន្ថយការបញ្ចេញការបូនបន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន ក្នុងន័យបង្កើតជាគំរូល្អក្នុងសហគមន៍អន្តរជាតិ។

ក្នុងនាមជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិយ៉ាងមុតមាំ ប្រទេសចិននឹងបន្តជំរុញឱ្យអង្គការសហប្រជាជាតិ ដើរតួនាទីកាន់តែសកម្មក្នុងការជំរុញសន្តិភាព និងវឌ្ឃនភាពរបស់មនុស្សជាតិតទៅទៀត ដើម្បីក្លាយជាកម្លាំងសំខាន់ក្នុងការរួមគ្នាកសាងពិភពលោកដ៏ល្អបវរតាមរយៈ «ពហុភាគីនិយមពិតប្រាកដ»