(តេហេរ៉ង់)៖ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ប្រទេសអ៊ីរ៉ង់បានយល់ព្រមបន្តកិច្ចចរចានៅខែក្រោយ ជាមួយមហាអំណាចពិភពជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងរបស់ខ្លួន បន្ទាប់ពីបានពិភាក្សាជាមួយអ្នកសម្របសម្រួលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

លោក Ali Bagheri ដែលជាប្រធានក្រុមអ្នកចរចារបស់រដ្ឋាភិបាលក្រុងតេហេរ៉ង់ បានសរសេរនៅលើ Twitter ថា «យើងយល់ព្រមចាប់ផ្តើមការចរចានៅមុនដំណាច់ខែវិច្ឆិកា ខណៈដែលកាលបរិច្ឆេទពិតប្រាកដនឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍បន្ទាប់»។

គួរបញ្ជាក់ថា ប្រទេសជាភាគីដែលនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ បច្ចុប្បន្នមាន អ៉ីរ៉ង់, រុស្ស៊ី, ចិន, បារាំង, ចក្រភពអង់គ្លេស, អាល្លឺម៉ង់ និងសហភាពអឺរ៉ុប។ ចាប់តាំងពីអាមេរិកដកខ្លួន អ៉ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាបន្តបន្ទាប់ដែលនេះកំពុងបង្កឱ្យមានការព្រួយបារម្ភថា សកម្មភាពបែបនេះនឹងបើកផ្លូវឱ្យអ៉ីរ៉ង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ៕