(តូក្យូ)៖ លោកតា ស៊ូណាអូ ស៊ូបូអ៉ី (Sunao Tsuboi) ជាអ្នកដែលនៅរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា (Hiroshima) ប្រទេសជប៉ុន និងបានក្លាយជាអ្នកធ្វើយុទ្ធនាការគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរដ៏លេចធ្លោម្នាក់ផងដែរនោះ បានទទួលមរណភាពហើយ ក្នុងអាយុ ៩៦ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១។

កាលពីឆ្នាំ១៩៤៥ លោកតា ស៊ូបូអ៉ី កំពុងធ្វើដំណើរទៅកាន់សាលាវិស្វកម្មមួយកន្លែង នោពេលការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូង ត្រូវបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក ដែលវាបានប្រែក្លាយទីក្រុងដ៏អ៊ូអរមួយនោះ ទៅជាឋាននរកភ្លាមៗ ដោយមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។

លោកតា ស៊ូបូអ៉ី ធ្លាប់បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP នៅក្នុងឆ្នាំ២០១៦ថា «ពេលនោះ ខ្ញុំរងការរលាកភ្លើងពេញរាងកាយ។ ខ្ញុំបានព្យាយាមរត់ទាំងខ្លួនទទេ អស់រយៈពេលប្រហែល៣ម៉ោង ប៉ុន្តែទីបំផុតខ្ញុំដើរលែងបានតទៅទៀត»។ ក្រោយមក លោកតា ស៊ូបូអ៉ី ដែលកាលនោះអាយុ២០ឆ្នាំ ក៏បានរើសដុំថ្មតូចមួយ ហើយសរសេរនៅលើដីថា «ស៊ូណាអូ ស៊ូបូអ៉ី ស្លាប់នៅទីនេះ» មុនពេលដែលគាត់បានបាត់បង់ស្មារតី ហើយគាត់បានដឹងខ្លួនឡើងវិញ នៅប៉ុន្មានសប្តាហ៍ក្រោយមក។

ក្រោយមកទៀត លោកតា ស៊ូបូអ៉ី បានកើតជំងឺមហារីក និងជំងឺផ្សេងៗទៀត ប៉ុន្តែបានក្លាយជាអ្នកតស៊ូមតិដ៏លេចធ្លោម្នាក់ សម្រាប់ក្រុមអ្នកដែលនៅរស់រានមានជីវិត ពីការទម្លាក់គ្រាប់បែកបរមាណូ និងជាអ្នកធ្វើយុទ្ធនាការគាំទ្រនូវ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរផងដែរ។

លោកតា ស៊ូបូអ៉ី ធ្លាប់បាននិយាយថា «ខ្ញុំអាចទ្រាំទ្រនឹងការលំបាកសម្រាប់ជាប្រយោជន៍ដល់សុភមង្គលរបស់មនុស្សជាតិ។ ខ្ញុំអាចនឹងស្លាប់នៅថ្ងៃស្អែក ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយម។ ខ្ញុំនឹងមិនបោះបង់ទេ។ យើងចង់បានពិភពលោកមួយ ដោយគ្មានអាវុធនុយក្លេអ៊ែរ»

គួរបញ្ជាក់ថា លោកតា ស៊ូណាអូ ស៊ូបូអ៉ី បានស្ថិតក្នុងចំណោម អ្នកដែលនៅរស់រានមានជីវិត ពីការទម្លាក់គ្រាប់បែកបរមាណូ នៅទីក្រុង Hiroshima មួយចំនួនតូច ដែលបានជួបជាមួយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីពេល លោកបានទៅធ្វើទស្សនកិច្ច ជាប្រវត្តិសាស្រ្តទៅកាន់ទីនោះ នៅឆ្នាំ២០១៦៕