(ប៉េកាំង)៖ ឆ្នាំនេះជាខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ឬហៅថាប្រទេសចិនថ្មី ទទួលបានអាសនៈឡើងវិញ ក្នុងអង្គការសហប្រជាជាតិ។

កាលពី ៥០ ឆ្នាំមុន ប្រទេសចិនដែលទើបស្តារឡើងវិញពីសង្គ្រាមរ៉ាំរ៉ៃ បានបង្ហាញវត្តមានជាថ្មីក្នុងអង្គការសហប្រជាជាតិ។ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅ រំលេចដោយផ្កាយមាសប្រាំដួង បានបង្អួតខ្លួនបក់រវិចតាមខ្យល់នៅឯ ទីចាត់ការទូទៅអង្គការសហប្រជាជាតិ នាបុរីញូវយ៉ក ដែលជាការបង្ហាញប្រាប់ពិភពលោកថា ប្រទេសចិនបានឈរស្មើមុខស្មើមាត់ឡើងវិញ ជាមួយបណ្តាប្រទេសនានាដែលជាសមាជិកនៃអង្គការសហប្រជាជាតិ។

៥០ ឆ្នាំមកនេះ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ជាមួយអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ឡើងៗ ដែលបានជួយជំរុញដល់ស្ថិរភាព សន្តិភាព វឌ្ឍនភាព និងវិបុលភាពពិភពលោក តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន។

ចិនជាប្រទេសមួយដែលបានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិច្រើនបំផុត។ ស្មារតីដ៏មោះមុតមិនខ្លាចពលិកម្ម របស់កងកម្លាំងមួកខៀវនៃប្រទេសចិន ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រទេសដែលទទួលបានជំនួយ និងក្រុមប្រឹក្សាសន្តិសុខ។ មិនថានៅប្រទេសកម្ពុជា លីប៊ី លីបង់ សូម៉ាលី ស៊ូដង់ ។ល។ ក្រៅពីការយកឈាមស្រស់ទៅរក្សាសន្តិភាព និងផ្សះផ្សាការប៉ះទង្គិច ប្រយុទ្ធប្រឆាំងភេរវនិយម កងកម្លាំងមួកខៀវចិនក៏បានខិតខំរឹតចំណងមិត្តភាព រវាងប្រទេសចិនជាមួយប្រទេសពាក់ព័ន្ធ តាមរយៈការជួយបង្ហាត់បង្រៀនបច្ចេកទេសផ្សេងៗ និងការផ្តល់ជំនួយជាសម្ភារៈដល់ប្រជាពលរដ្ឋក្នុងតំបន់ ដែលបង្ហាញពីស្មារតីស្រឡាញ់សន្តិភាព និងទំនួលខុសត្រូវរបស់ប្រទេសចិន។

៥០ ឆ្នាំមកនេះ ប្រទេសចិនតែងតែឈរនៅជាមួយពិភពលោកជានិច្ច ជាពិសេសក៏នៅពេលដែលពិភពលោក កើតមានបញ្ហាប្រឈមជាសកល។ អ្វីដែលយើងទាំងអស់គ្នាបានឃើញច្បាស់នឹងភ្នែក គឺការរួមចំណែករបស់ប្រទេសចិន ក្នុងការសម្របសម្រួលជម្លោះអន្តរជាតិ ព្រមទាំងការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ តាមរយៈការដាក់ចេញនូវផែនការរបស់ខ្លួន ពោលគឺការកាត់បន្ថយការបញ្ចេញកាបូន បន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០ និងអាព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០។ ក្រៅពីនេះ ប្រទេសចិនបានកាត់បន្ថយភាពក្រីក្រទាំងស្រុងក្នុងឆ្នាំ ២០២០ ដែលជាការរួមចំណែកលើសពី ៧០ នៃការងារកាត់បន្ថយភាពក្រីក្រទៅទូទាំងពិភពលោក ស្របតាមគោលដៅសហប្រជាជាតិ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០។

ជាពិសេស បន្ទាប់ពីការផ្ទុះរីករាលដាលជំងឺកូវីដ១៩ មក ក្រៅពីការផ្តល់ជំនួយជាសម្ភារៈវេជ្ជសាស្ត្រ ប្រទេសចិនបានផ្តួចផ្តើម ឱ្យចាត់ទុកវ៉ាក់ជាផលិតផលសាធារណៈ ដែលបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោក ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ ១៩ ដល់បរទេស និងមានបរិមាណច្រើនបំផុតគិតត្រឹមបច្ចុប្បន្ន។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងក្នុងមហាសន្និបាតរំលឹកខួប ៥០ ឆ្នាំនៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី ២៥ ខែតុលានេះថា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងសុខសន្តិភាពពិភពលោក យើងគួរតែសម្របខ្លួនទៅនឹងនិន្នាការប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់កិច្ចសហប្រតិបត្តិការ មិនធ្វើបដិបក្ខគ្នា ប្រកាន់ខ្ជាប់ការបើកចំហ មិនបិទទ្វារ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ មិនធ្វើការប្រកួតប្រជែងបែបផលបូកសូន្យ ប្រឆាំងយ៉ាងដាច់ខាតនូវអនុត្តរភាពនិយម និងនយោបាយកម្លាំងបាយ ប្រឆាំងយ៉ាងដាច់ខាតនូវឯកតោភាគីនិយម និងការគាំពារនិយមតាមគ្រប់ទម្រង់។

ការពិតទាំងឡាយបានបង្ហាញជូនពិភពលោកទាំងមូលថា ប្រទេសចិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនជានិច្ច ដែលបានធ្វើអ្នកកសាងសន្តិភាពពិភពលោក អ្នករួមចំណែកដល់ការអភិវឌ្ឍជាសកល អ្នកគាំពាររបៀបរៀបរយនិងសណ្តាប់ធ្នាប់អន្តរជាតិ និងជាអ្នកផ្តល់ផលិតផលសាធារណៈយ៉ាងពិតប្រាកដ។
គោលនយោបាយកំណែទម្រង់ និងការបើកចំហជាជំហានទីមួយដែលប្រទេសចិនថ្មី ឈានជើងចូលរួមជាមួយមហាគ្រួសារពិភពលោក។

ជាង ៣០ ឆ្នាំបន្ទាប់ពីគោលនយោបាយកំណែទម្រង់ និងបើកទូលាយ ការអភិវឌ្ឍរបស់ចិនទទួលបានសមិទ្ធផល ដ៏គួរឱ្យកត់សម្គាល់ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាជំហានដែលប្រទេសចិននាំមកនូវ កាលានុវត្តភាពថ្មីៗសម្រាប់ពិភពលោក ជាពិសេសសម្រាប់ជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍របស់ប្រទេសចិន។ ក្រៅពីនេះ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានត្រូវសរសេរបញ្ចូលក្នុង ឯកសារផ្លូវការរបស់អង្គការសហប្រជាជាតិ ដែលបានក្លាយជាគំនិតផ្តួចផ្តើមជាសកល។ ដោយឡែកនៅចុងក្រោយបំផុតនេះ ប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើមថ្មីមួយទៀត គឺការអភិវឌ្ឍជាសកល។

លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្នុងកិច្ចជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅថ្ងៃទី ២៥ ខែតុលា នេះថា គំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ដែលលើកឡើងដោយលោក ស៊ី ជីនភីង មានសារសំខាន់និងមានអត្ថន័យជាវិជ្ជមាន ចំពោះការជំរុញសមភាពជាសកល និងធ្វើឱ្យការអភិវឌ្ឍដោយចីរភាពមានតុល្យភាព អង្គការសហប្រជាជាតិសូមផ្តល់ការគាំទ្រទាំងស្រុង ព្រមទាំងរីករាយបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយភាគីចិនអំពីរឿងនេះ។

តើប្រទេសចិននឹងរួមចំណែកអ្វីទៀត សម្រាប់ការគាំពារសុខសន្តិភាពពិភពលោក របៀបរៀបរយអន្តរជាតិនិងពហុភាគីនិយម ដែលជាការនាំមកនូវផលប្រយោជន៍ទូទៅ សម្រាប់មនុស្សជាតិទាំងមូល? នេះជាការរំពឹងទុករបស់បណ្តាប្រទេសជាមិត្ត ជាដៃគូ និងអ្នកស្នេហាសន្តិភាពគ្រប់រូប៕

(ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន)