(កាប៊ុល)៖ ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន បានរាយការណ៍ដោយដកស្រង់ប្រភពពីមន្ទីរពេទ្យថា យ៉ាងហោចណាស់មនុស្សចំនួន ១៧នាក់បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នារវាងក្រុមអ្នកប្រយុទ្ធតាលីបង់ និងក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធមួយក្រុម នៅក្នុងខេត្តហេរ៉ាត់ (Herat) ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ប្រព័ន្ធផ្សព្វផ្សាយនៅអាហ្វហ្កានីស្ថាន បានចេញសេចក្តីរាយការណ៍ដូច្នេះថា «សាកសពមនុស្សសរុបចំនួន១៧នាក់ ក្នុងនោះរួមមានកុមារ ៧នាក់, ស្រ្តី៣នាក់ និងបុរស៧នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែង នៅក្នុងខេត្តហេរ៉ាត់។ ពួកគេទាំងអស់ សុទ្ធតែបានបាត់បង់ជីវិត ក្រោយរងរបួសដោយសារគ្រាប់កាំភ្លើង»

គួរបញ្ជាក់ថា យោងតាមការអះអាងរបស់អាជ្ញាធរនៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បានដឹកនាំប្រតិបត្តិការពិសេសមួយ នៅខេត្តហេរ៉ាត់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមគោលដៅប្រឆាំងនឹងក្រុមឧក្រិដ្ឋជននៅទីនោះ ដែលជាប់ពាក់ព័ន្ធសកម្មភាពចាប់ជំរិត។ ពួកឧក្រិដ្ឋជន យ៉ាងហោច៣នាក់ ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការនោះ៕