(ខាទុំ)៖ ក្រសួងព័ត៌មានស៊ូដង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីស៊ូដង់ លោក អាប់ដាឡា ហាំដុក (Abdalla Hamdok) និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានចាប់ខ្លួន ក្នុងការធ្វើរដ្ឋប្រហារដោយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

លោក អាប់ដាឡា ហាំដុក ត្រូវបានឃុំខ្លួននៅក្នុងផ្ទះរបស់លោក ហើយកម្លាំងយោធាស៊ូដង់ បានចាប់ខ្លួនរដ្ឋមន្រ្តី៤រូប រួមជាមួយសមាជិកនៃ ក្រុមប្រឹក្សាអធិបតេយ្យ ព្រមទាំងអភិបាលរដ្ឋ និងថ្នាក់ដឹកនាំគណបក្សជាច្រើន។ ជាមួយគ្នានេះ កងទ័ពត្រូវបានដាក់ពង្រាយនៅពាសពេញដងផ្លូវ ក្នុងរដ្ឋធានីខាទុំ។

គួរបញ្ជាក់ថា ស៊ូដង់ទើបតែបានចាប់ផ្តើមធ្វើអន្តរកាល ទៅរកលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីចលនាបះបោរធំមួយ បានទម្លាក់អតីតប្រធានាធិបតី លោក អូម៉ា អាល់បាសៀរ (Omar al-Bashir) ពីអំណាច កាលពីខែមេសា ឆ្នាំ២០១៩ ក្រោយមេដឹកនាំរូបនេះ គ្រប់គ្រងប្រទេសជិត៣ទសវត្សរ៍។

នៅក្រោមកិច្ចព្រមព្រៀង ក្នុងខែសីហា ឆ្នាំដដែល យោធានិងក្រុមគណបក្សនយោបាយ បានឯកភាពចែករំលែកអំណាចជាមួយគ្នា តាមរយៈការបង្កើតក្រុមប្រឹក្សាមួយហៅថា ក្រុមប្រឹក្សាអធិបតេយ្យភាព ដែលមានគោលដៅដឹកនាំប្រទេសជាបណ្តោះអាសន្ន រហូតដល់មានការបោះឆ្នោត នៅចុងឆ្នាំ២០២៣។

យ៉ាងណាក្តី ខាងក្រុមស៉ីវិលបានចោទប្រកាន់ជាដដែលៗថា យោធាបានលូកដៃជ្រុលហួសហេតុ ក្នុងនយោបាយការបរទេស និងដំណើរការចរចាសន្តិភាព ខណៈខាងយោធាបានចោទក្រុមស៉ីវិលវិញថា គ្រប់គ្រងប្រទេសមិនបានល្អ និងក្តោបក្តាប់អំណាចតែឯង។ កាលពីខែកញ្ញាកន្លងទៅនេះ អាជ្ញាធរស៊ូដង់ទើបតែបានឲ្យដឹងដែរថា ពួកគេទប់ស្កាត់បានសម្រេចនូវ ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដោយក្រុមដែលស្មោះត្រង់នឹងលោក បាសៀរ៕