(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅខែត្រ សានតុង ប្រទេសចិន ហើយបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាល ស្តីពីការជំរុញកាន់តែស៊ីជម្រៅនូវការអភិរក្សអេកូបរិស្ថាន នៅតាមបណ្តោយទន្លេលឿង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវជំរុញការអភិរក្សទន្លេលឿងយ៉ាងប្រាកដប្រជា និងធានាជាក់លាក់ឱ្យការអភិរក្សអេកូបរិស្ថាន នៅតាមបណ្តោយទន្លេលឿង និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤។ ប្រការនេះធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅបានមើលឃើញយ៉ាងច្បាស់ នូវការបេ្តជ្ញាចិត្តរបស់ប្រទេសចិន ដែលនឹងដើរតាមផ្លូវអភិវឌ្ឍន៍ទំនើប យ៉ាងម៉ឺងម៉ាត់មិនងាករេ ពោលគឺនឹងចាត់ទុកអេកូបរិស្ថានជាអាទិភាព និងអភិវឌ្ឍប្រកបដោយភាពបៃតង។

ក្នុងនាមជាទន្លេធំទីពីររបស់ប្រទេសចិន ទន្លេលឿងជារបាំងសុវត្ថិភាពផ្នែកអេកូបរិស្ថាន ដ៏សំខាន់របស់ប្រទសេចិនផង ហើយក៏ជាតំបន់ដ៏សំខាន់សម្រាប់ប្រជាជនស្នាក់នៅ និងអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

ក្នុងអំឡុងពេលចុះត្រួតពិនិត្យលើកនេះ លោក Xi Jinping បានធ្វើដំណើរទៅដល់ច្រកត់ទន្លេលឿង លោកបានអញ្ជើញត្រួតពិនិត្យបរិស្ថានអេកូឡូស៊ី នៅដីសើមនៃដីសណ្តរទន្លេលឿង ហើយបានតម្រូវឱ្យគ្រោងផែនការ និងបង្កើតសួនឧទ្យានជាតិច្រកទន្លេលឿងក្នុងពេលឆាប់ៗ។ លោក Xi Jinping បានលើកឡើងសំណូមពរមួយចំនួន ដូចជា «ត្រូវក្តាប់ជាប់ទំនាក់ទំនងរវាងអភិរក្សនិងការអភិវឌ្ឍឱ្យបានត្រឹមត្រូវ» «ត្រូវរៀបចំចាត់ចែងកិច្ចការធំៗទាំងពីរ គឺការអភិវឌ្ឍនិងសុវត្ថិភាពឱ្យបានល្អ» «កាន់ទស្សនៈជាប្រព័ន្ធក្នុងដំណើរទាំងស្រុង នៃការអភិរក្សអេកូបរិស្ថាន និងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់» «ប្រកាន់ខ្ជាប់ការដើរតាមផ្លូវអភិវឌ្ឍន៍បៃតង និងអាបូនទាបយ៉ាងមុតមាំ» ជាដើម ដែលបានចង្អុលបង្ហាញពីទិសដៅយ៉ាងច្បាស់ សម្រាប់ការអភិរក្សអេកូបរិស្ថាន និងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នៃតំបន់តាមបណ្តោយទន្លេលឿង។

នាពេលថ្មីៗកន្លងទៅនេះ ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសចិនបានរៀបចំធ្វើកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំ នៃមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះ» លើកទី១៥។ ក្នុងកិច្ចប្រជុំលើកនេះ លោក Xi Jinping បានអធិប្បាយជាប្រព័ន្ធនូវលក្ខណៈសំខាន់របស់ “មនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា” ដោយបានគូសបញ្ជាក់ថា ប្រទេសចិននឹងជំរុញកិច្ចកសាងអរិយធម៌អេកូឡូស៊ីជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យបណ្តាភាគីនានា ពន្លឿនការបង្កើតជាបែបបទអភិវឌ្ឍន៍បៃតង ក្នុងន័យជំរុញភាពឈ្នះ-ឈ្នះ លើវិស័យអភិវឌ្ឍសេដ្ឋកិច្ច និងអភិរក្សបរិស្ថាន ដើម្បីបង្កើតភពផែនដីដែលសេដ្ឋកិច្ច និងបរិស្ថានអាចទទួលបានការអភិវឌ្ឍរួមជាមួយគ្នា។

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រាល់ពេលលោក Xi Jinping ចុះត្រួតពិនិត្យការងារក្នុងស្រុក កិច្ចកសាងអរិយធម៌អេកូឡូស៊ី សុទ្ធតែជារបៀបវារៈដ៏សំខាន់ ប្រការនេះបានឆ្លុះបញ្ចាំងយ៉ាងលេចធ្លោ នូវតួនាទីដ៏សំខាន់នៃកិច្ចកសាងអរិយធម៌អេកូឡូស៊ី ក្នុងអភិបាលកិច្ចរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។ ការប្រកាន់ខ្ជាប់ទស្សនៈស្តីពីការចាត់ទុកបរិស្ថានជាអាទិភាព អភិវឌ្ឍន៍បៃតង និងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ី ប្រទេសចិននឹងដើរតួនាទីជាគំរូក្នុងសហគមន៍អន្តរជាតិ តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ដើម្បីរួមចំណែកកម្លាំងខ្លួន សម្រាប់ទប់ទល់នឹងកាសាកល្បងខាងអេកូបរិស្ថាន ដែលពិភពលោកទាំងមូលបាននិងកំពុងប្រឈមមុខ៕ (#CCFR Comment#)