(ប៉េកាំង)៖ អាជ្ញាធរចិនបានសម្រេចបិទខ្ទប់ (lockdown) ស្រុកមួយ ស្ថិតនៅក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ភាគខាងជើងប្រទេស ដោយសារតែកំណើននៃករណីឆ្លងមេរោគ COVID-19 បំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នាព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។

ស្រុកដែលត្រូវបានបិទខ្ទប់ខាងលើនេះ មានឈ្មោះថា អ៊ីជីន (Ejin) ដោយអាជ្ញាធរបានតម្រូវឲ្យមនុស្សទាំងអស់ចំនួន ៣៥,៧០០នាក់ ស្នាក់នៅក្នុងផ្ទះជាកំហិត គិតចាប់ពីថ្ងៃចន្ទនេះតទៅ។ ស្រុកដ៏តូចមួយនេះ បានរកឃើញករណីឆ្លង COVID-19 បំប្លែងខ្លួន Delta ជាង ១៥០ករណី គិតត្រឹមចុងសប្តាហ៍មុននេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការ lockdown ស្រុក Ejin នៃតំបន់ស្វយ័ត Inner Mongolia បានកើតមានឡើងតែ ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មការសុខាភិបាលជាតិចិន បានព្រមានពីការផ្ទុះករណីឆ្លងថ្មីចុងក្រោយនេះថា អាចនឹងមានស្ថានភាពកាន់់តែអាក្រក់ បន្ទាប់ពីខេត្តចំនួន ១១ រួចមកហើយរបស់ប្រទេសចិន បានរាយការណ៍ពីការរកឃើញ ករណីពាក់ព័ន្ធនៅកំលុងពេលតែ ១សប្តាហ៍ប៉ុណ្ណោះ។

នៅថ្ងៃចន្ទនេះ ប្រទេសចិនបានប្រកាសរកឃើញ ករណីឆ្លងជំងឺ COVID-19 សរុប ៣៨នាក់ទៀត ហើយពាក់កណ្តាលនៃចំនួននេះ គឺស្ថិតនៅតំបន់ស្វយ័ត Inner Mongolia។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន អាជ្ញាធរចិនបានអះអាង ការផ្ទុះករណីឆ្លង COVID-19 លើកនេះ គឺមានជាប់ពាក់ព័ន្ធនឹង អ្នកទេសចរវ័យចំណាស់មួយគូ ដែលស្ថិតនៅក្នុងក្រុមអ្នកទេសចរមួយ។ ពួកគេចាប់ផ្តើមធ្វើដំណើរកម្សាន្ត នៅទីក្រុងសៀងហៃ បន្ទាប់មកក៏ជិះយន្តហោះទៅទីក្រុង ស៊ីអាន (Xi'an) នៃខេត្ត សានស៊ី (Shaanxi) ភាគកណ្តាលប្រទេសចិន ហើយក៏បន្តដំណើរទៅកាន់ខេត្ត ហ្គាន់ស៊ូ (Gansu) ស្ថិតនៅភាគពាយ័ព្យ និង តំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ស្ថិតនៅភាគខាងជើង។ ការបិទសាលារៀន និងលុបចោលជើងហោះហើររាប់់រយ ក៏បានកើតមានឡើងរួចមកហើយដែរ៕