(តៃប៉ិ)៖ គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារចំផ្នែកភាគឦសាននៃកោះតៃវ៉ាន់ នាថ្ងៃអាទិត្យនេះ ដោយប្រជាជនតៃវ៉ាន់ បានរាយការណ៍ថា មានការញ័ររញ្ជួយជាខ្លាំង នៅឯទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានពិនិត្យឃើញថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយផែនដីនោះ ស្ថិតនៅស្រុកយីឡាន (Yilan) ក្នុងភាគឦសាន ហើយវាបានវាយប្រហារនៅជម្រៅជ្រៅ គឺ៦៧គីឡូម៉ែត្រ នាវេលាម៉ោង០១៖១១នាទីរសៀល ថ្ងៃអាទិត្យនេះ (ម៉ោងនៅតៃប៉ិ)។ ទីតាំងភូមិសាស្រ្តនៃកោះតៃវ៉ាន់ គឺស្ថិតនៅលើតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដូច្នេះហើយតៃវ៉ាន់ងាយនឹងរងគ្រោះ ពីហេតុការណ៍រញ្ជួយដី។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលអាចបង្កឡើងពីគ្រោះរញ្ជួយដីខាងលើនៅឡើយទេ។ ពាក់ព័ន្ធប្រវត្តិនៃហេតុការណ៍រញ្ជួយផែនដីនៅតៃវ៉ាន់ គឺមានមនុស្សជាង១០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរញ្ជួយដីមួយ នៅភាគខាងត្បូងដែនកោះនេះ កាលពីឆ្នាំ២០១៦ ខណៈគ្រោះរញ្ជួយដីកម្រិត៧.៣រ៉ិចទ័រ កាលពីឆ្នាំ១៩៩៩ បានផ្តាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់៕