(សេអ៊ូល)៖ បេសកជនអាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក ស៊ុង គីម (Sung Kim) នាថ្ងៃអាទិត្យនេះ បាននិយាយថា ការធ្វើតេស្តមីស៉ីលផ្លោងបាលីស្ទិក ជាបន្តបន្ទាប់មួយរយៈចុងក្រោយនេះ ដោយប្រទេសកូរ៉េខាងជើង គឺជារឿងគួរឲ្យបារម្ភ និងផ្ទុយពីកិច្ចប្រឹងប្រែងសំដៅបន្ធូរបន្ថយ ភាពតានតឹងនៅឧបទ្វីបកូរ៉េ ហើយជំនួសមកវិញ ទីក្រុងព្យុងយ៉ាង គួរតែងាកមកបន្តចរចាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយសមភាគីកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល លោក ស៊ុម គីម បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញាស្វែងរកមធ្យោបាយការទូត ដែលមាននិរន្តរភាពនិងច្បាស់លាស់ ជាមួយកូរ៉េខាងជើង។ លោក គីម បានបន្តថា «គោលដៅរបស់យើងនៅតែដដែល គឺរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។ ដូច្នេះហើយ ទើបសកម្មភាពធ្វើតេស្តមីស៉ីលផ្លោងមួយរយៈចុងក្រោយ របស់ទីក្រុងព្យុងយ៉ាង កំពុងបង្កការព្រួយបារម្ភ និងផ្ទុយពីកិច្ចប្រឹងប្រែងបង្កើតវឌ្ឍនភាព ឆ្ពោះទៅសម្រេចបានសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ»

លោកបេសកជនអាមេរិក បានបន្ថែមទៀតថា «យើងអំពាវនាវឲ្យកូរ៉េខាងជើង បញ្ឈប់សកម្មភាពបង្កហេតុទាំងនេះ រួមនិងទង្វើបង្កអស្ថិរភាពផ្សេងៗទៀត ហើយងាកមកចូលរួមកិច្ចសន្ទនាឡើងវិញ។ ពួកយើងនៅតែត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជួបជាមួយភាគីកូរ៉េខាងជើង ដោយឥតមានលក្ខខណ្ឌទុកជាមុនឡើយ ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនមានបំណងអាក្រក់ ចំពោះកូរ៉េខាងជើងនោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូរ៉េខាងជើងបាននិយាយថា សហរដ្ឋអាមេរិក មានប្រតិកម្មជ្រុលហួសហេតុ ចំពោះការធ្វើតេស្តមីស៉ីលបាញ់ចេញពីនាវាមុជទឹករបស់ខ្លួន ដ្បិតការធ្វើតេស្តនោះមានគោលដៅ ពង្រឹងសមត្ថភាពស្វ័យការពារប៉ុណ្ណោះ ហើយទីក្រុងព្យុងយ៉ាងបានចោទសួរពី ភាពប្រាកដប្រជានៃសំណើចរចាគ្នារបស់ទីក្រុងវ៉ាស៉ីនតោន ព្រមទាំងព្រមានពីផលវិបាកផងដែរ៕