(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ៣,៥៩៨ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅយប់ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៦នាក់បន្ថែមទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសដីកោះដ៏តូចមួយនេះកើនដល់ ៣០០នាក់ ចំណែកករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេស សរុបចំនួន ១៦៩,២៦១ករណីចាប់តាំងពីមានរាតត្បាតជំងឺនេះមក។

ករណីឆ្លងថ្មីប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ គឺមានការថយចុះបន្តិច បើធៀបនឹងតួលេខដែលបានរាយការណ៍ កាលពីថ្ងៃសុក្រម្សិលមិញដែលមានចំនួន ៣,៦៣៧ករណី។

សូមជំរាបថា ស្ថានការណ៍កូវីដ១៩ នៅក្នុងប្រទេសសិង្ហបុរីនៅសប្តាហ៍ចុងក្រោយនេះហាក់កំពុងប្រឈមនឹងរលកឆ្លងថ្មី ដែលមានសភាពធ្ងន់ធ្ងរជាងពេលមុនៗ៕