(សិង្ហបុរី)៖ វ៉ាក់សាំងឈ្មោះ កូរ៉ូណាវ៉ាក់ (CoronaVac) របស់ក្រុមហ៊ុនចិន Sinovac នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិ នៃប្រទេសសិង្ហបុរី នៅក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈកម្មវិធីចាក់ «៣ដូស» ជាបន្តបន្ទាប់ ដើម្បីបង្ការជំងឺ COVID-19។ នេះបើតាមសេចក្តីប្រកាសពី ក្រសួងសុខាភិបាលសិង្ហបុរី ដែលសារព័ត៌មាន CNA ដកស្រង់នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ការអនុម័តវ៉ាក់សាំងចិន Sinovac ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិសិង្ហបុរីខាងលើនេះ បានកើតមានឡើងស្របពេលដែលអត្រាចាក់វ៉ាក់សាំងក្នុងតំបន់ បានកើនឡើងដល់កម្រិតខ្ពស់ ប៉ុន្តែប្រជាជនសិង្ហបុរីមួយចំនួន នៅតែបដិសេធមិនចាក់វ៉ាក់សាំង ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដោយសារតែបញ្ហាផ្ទាល់ខ្លួនពួកគេ។ ប្រទេសភាគច្រើនបានកំណត់អត្រាចាក់វ៉ាក់សាំង ចាប់ពី ៩០% ឡើងទៅនៃចំនួនប្រជាជនសរុប ទើបអាចចាត់ទុកថា ជាកម្រិតសុវត្ថិភាពមួយ ដែលអាចឲ្យសកម្មភាពសង្គមភាគច្រើន បើកដំណើរការឡើងវិញ។

គួរបញ្ជាក់ថា កម្មវិធីចាក់វ៉ាក់សាំង Sinovac ចំនួន ៣ដូស ក្នុងពេលបន្តបន្ទាប់គ្នានេះ ក៏នឹងត្រូវរាប់បញ្ចូលទាំងអ្នករស់នៅលើទឹកដីសិង្ហបុរី ដែលបានចាក់វ៉ាក់សាំងនេះបាន ១ដូស ឬ ២ដូសរួចមកហើយផងដែរ។ កន្លងមក វ៉ាក់សាំង Sinovac ត្រូវបានអនុម័តឲ្យប្រើនៅសិង្ហបុរី សម្រាប់មនុស្សអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ ប៉ុន្តែមិនជាទូទៅនោះឡើយ។ គិតត្រឹមថ្ងៃទី ២២ ខែតុលា សិង្ហបុរីបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៩.៩៦លានដូស ក្នុងនោះប្រជាជន ៤.៦៩លាននាក់ (៨២ .២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕