(រ៉ាម៉ាល់ឡោះ)៖ បើតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់សហភាពអ៊ឺរ៉ុប (EU) បានឱ្យដឹងថា បេសកកម្មរបស់ខ្លួនទៅកាន់ដែនដីប៉ាឡេស្ទីន (Palestine) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះវិធានការរបស់ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងកុមារប៉ាឡេស្ទីននៅក្នុងតំបន់ វែសត៍ ប៊ែង (West Bank) និងទីក្រុង ហ្សេរុយសាឡឹមខាងកើត (East Jerusalem)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ខាងលើបានគូសបញ្ជាក់ថា សហភាពអ៊ឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានឃើញការរំលោភបំពានជាបន្តបន្ទាប់លើកុមារប៉ាឡេស្ទីន ដោយកងកម្លាំងកាន់កាប់របស់ប្រទេសអ៊ីស្រាអែល នៅក្នុងតំបន់ West Bank និងទីក្រុង East Jerusalem។

សេចក្តីថ្លែងការណ៍ដដែល បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្រើប្រាស់កងកម្លាំងហួសប្រមាណ ប្រឆាំងនឹងអនីតិជន... ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែតុលា កុមារប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងបេសស្លេហ៊ែម (Bethlehem) នៃតំបន់ West Bank ខណៈកុមារ ៤១នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង East Jerusalem»

ជុំវិញបញ្ហានេះ សហភាពអ៊ឺរ៉ុបបានជំរុញឱ្យប្រទេសអ៊ីស្រាអែល «បង្ការកុំឱ្យមានការប្រើប្រាស់អំពើហិង្សាលើកុមារ ដោយការពារសិទ្ធិរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ»

បើតាមស្ថាប័នប៉ាឡេស្ទីន ដែលទទួលបន្ទុកការពារសិទ្ធិកុមារ នៅក្នុងដែនដីប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់កុមារច្រើនជាង ៧៤នាក់គិតចាប់តាំងពីខែមករា ឆ្នាំ២០២១ នៅក្នុងតំបន់ West Bank និងតំបន់ ហ្គាហ្សា ស្រ្ទីព (Gaza Strip)។ បន្ថែមពីនេះ សាលារៀនប៉ាឡេស្ទីនសរុប ៣កន្លែង ក៏ត្រូវបានគេរាយការណ៍ថា ត្រូវបានកងកម្លាំងអ៊ីស្រាអែលកម្ទេចចោលផងដែរ៕