(ការ៉ាកាស់)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសផ្ដល់ប្រាក់រង្វាន់រហូតដល់ទៅ ១០លានដុល្លារ សម្រាប់ការផ្ដល់ព័ត៌មានដែលនាំទៅរកចាប់ខ្លួន ឬការផ្ដន្ទាទោសពាណិ្ជករជាតិកូឡុំប៊ីម្នាក់ លោក Alvaro Pulido ពីបទលាងលុយកខ្វក់ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាលក្ខណៈប្រព័ន្ធនៅក្នុង ប្រទេសវេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ការប្រកាសផ្ដល់ប្រាក់រង្វាន់របស់ក្រសួងការបរទេសអាមេរិក កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ជាផ្លូវការលើលោក Pulido មានអាយុ៥៧ឆ្នាំ និងមនុស្ស៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំងអ្នកនយោបាយម្នាក់មកពីគណបក្សកាន់អំណាចសព្វថ្ងៃនៅវេណេស៊ុយអេឡា ពីបទ លាងលុយកខ្វក់ ក្នុងអំពើពុករលួយជាលក្ខណៈប្រព័ន្ធ។ អំពើពុករលួយនេះមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋវេណេស៊ុយអេឡាមួយដែលទទួលបន្ទុកចែកចាយចំណី អាហារ និងថ្នាំពេទ្យក្រោមកម្មវិធីមួយឈ្មោះ CLAP។

គួរបញ្ជាក់ថា លោក Alvaro Pulido គឺជាដៃគូរកស៊ីរបស់ពាណិជ្ជករកូឡុំប៊ីម្នាក់ទៀត គឺលោក Alex Saab ដែលមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ លោក Alex Saab ត្រូវបានធ្វើបត្យាប័នពីប្រទេសកាប៉េ វែរដេ (Cape Verde) ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែតុលាកន្លងទៅ ដើម្បីប្រឈមមុខនឹងបទចោទប្រកាន់លាងលុយកខ្វក់។ ទាំងលោក Alvaro Pulido និងលោក Alex Saab សុទ្ធតែធ្លាប់ជាប់ទណ្ឌកម្មពីសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៩៕