(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថាប្រទេសរបស់លោកកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចាជាមួយ សិង្ហបុរី ដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងធ្វើដំណើរថ្មីមួយរវាងប្រទេសទាំង២ ដែលអាចនឹងត្រូវបានបង្កើតឡើងនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ថ្លែងក្នុងសនិ្នសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះ លោក ម៉ូរីសុន បានឱ្យដឹងថាកិច្ចចរចាជាមួយសិង្ហបុរី គឺផ្ដោតសំខាន់លើការអនុញ្ញាតឱ្យនិស្សិត និងពាណិជ្ជករដែលទទួលបាន ការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស អាចទទួលបានផលប្រយោជន៍មុនគេពីកិច្ចព្រមព្រៀងនេះ មុននឹងអូស្ត្រាលីសម្រេចចិត្តបើកប្រទេសទទួលយក ភ្ញៀវទេសចរបរទេស។

គួរបញ្ជាក់ថា សិង្ហបុរី និងអូស្ត្រាលីបានបើកកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងធ្វើដំណើរដោយមិនចំាចាច់ធ្វើចត្តាឡស័កកាលពីខែមីនាកន្លងទៅ។ កិច្ចព្រមព្រៀងនេះ គឺអាស្រ័យលើ វិធានការចត្តាឡីស័ករវាងប្រទេសទាំង២ ប៉ុន្តែរដ្ឋ New South Wales និងរដ្ឋ Victoria របស់អូស្ត្រាលីបានដកចេញហើយនូវវិធានការធ្វើចត្តាឡីស័កនៅសណ្ឋាគារ សម្រាប់អ្នក ដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស៕