(ញូយ៉ក)៖ ស្ត្រីអាហ្វហ្កានីស្ថានមួយក្រុម បានជំរុញឱ្យអង្គការសហប្រជាជាតិកុំផ្ដល់អាសនៈឱ្យក្រុមតាលីបង់ កំឡុងពេលបំពេញទស្សនកិច្ចនៅឯទីស្នាក់ការស្ថាប័នកំពូលរបស់ អន្តរជាតិមួយនេះក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាននៅខាងក្រៅអគារក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក) លោកស្រី Fawzia Koofi បានបញ្ជាក់ដូច្នេះថា «វាជារឿងសាមញ្ញបំផុត នោះគឺអង្គការសហប្រជាជាតិគួរតែផ្ដល់អាសនៈឱ្យនរណាម្នាក់ដែលគោរពសិទ្ធិមនុស្ស ក្នុងនោះមានរួមទាំងសិទ្ធិស្ត្រីនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន»។ លោកស្រីបន្ថែមថានៅពេលក្រុមតាលីបង់ឡើងកាន់អំណាចជាថ្មី ពួកគេបានសន្យាថានឹងអនុញ្ញាតឱ្យស្ត្រីមានតួនាទីក្នុងជួររដ្ឋាភិបាល និងអាចត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែ ពួកគេមិនបានធ្វើតាមអ្វីដែលបានសន្យាឡើយ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបច្ចុប្បន្ន កំពុងពិចារណាថាតើនរណាគួរតែទទួលបានអាសនៈនៅ UN ពោលគឺអគ្គរដ្ឋទូតអាហ្វហ្កានីស្ថានថ្មីប្រចាំ UN តែងតាំងដោយ រដ្ឋាភិបាលតាលីបង់ លោក Suhail Shaheen ឬក៏លោក Ghulam Isaczai ដែលជាតំណាងអចិន្ត្រៃយ៍អាហ្វហ្កានីស្ថានរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល ដែលត្រូវបានតាលីបង់ ទម្លាក់ចេញពីអំណាច៕