(បាងកក)៖ អ្នកដំណើរមកពីប្រទេសចំនួន ៤៥ ដែលមាន «ហានិភ័យទាប» ពីការឆ្លងរាតត្បាតជំងឺ COVID-19 អាចចូលមកក្នុងប្រទេសថៃបាន ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័កនោះឡើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវបានដកស្រង់ដោយ CNA នាព្រឹកថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១។

សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ របស់លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយក្នុងនោះលោកបានលើកឡើងថា «យើងត្រូវបោះជំហានឱ្យបានលឿន ហើយធ្វើវាឥឡូវនេះ... ពីព្រោះ, បើយើងរង់ចាំឱ្យអ្វីៗគ្រប់ យ៉ាងល្អឥតខ្ចោះជាមុនសិននោះ យើងអាចនឹងយឺតពេល។ លើសពីនេះ អ្នកទេសចរអាចសម្រេចចិត្ត ធ្វើដំណើរទៅកាន់ប្រទេសផ្សេងជំនួសវិញ...»

គួរបញ្ជាក់ថា ការបង្កើនចំនួនប្រទេសរហូតដល់ ៤៥ និងបូកថែមទីក្រុងស្វយ័តហុងកុង របស់ប្រទេសចិនថែមមួយទៀតនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីថៃបានប្រកាសថា នឹងអនុញ្ញាតការធ្វើដំណើរ ដោយមិនចាំបាច់តម្រូវឲ្យធ្វើចត្តាឡីស័ក ពេលមកដល់ប្រទេសនេះ តែពីសំណាក់ប្រទេសចំនួន ១០ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អ្នកដំណើរពីប្រទេសទាំងនោះ នឹងតម្រូវឲ្យធ្វើតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19 ទាំងមុនពេលចេញដំណើរ និងបន្ទាប់ពីការហោះហើរមកដល់ប្រទេសថៃ។ ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះប្រទេសចំនួន ៤៥ បូកនឹងទីក្រុងហុងកុងមួយទៀត ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះសម្រាប់តំបន់អាស៊ាន គឺមានប្រទេសកម្ពុជា, ប្រ៊ុយណេ, ម៉ាឡេស៊ី និងសិង្ហបុរី៖