(ញូដេលី)៖ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌា លោក ម៉ាន់ស៊ុក ម៉ាន់ដាវីយ៉ា (Mansukh Mandaviya) បានប្រកាសថា ប្រទេសឥណ្ឌាសម្រេចបាននូវព្រឹត្តិការណ៍សំខាន់មួយ ដោយវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ១ពាន់លានដូសហើយ ត្រូវបានផ្ដល់ការចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេស គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះដែរ បើតាមទិន្នន័យចុងក្រោយរបស់ក្រសួងសុខាភិបាលឥណ្ឌា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ក៏បានកើនឡើងដល់ ៣៤,១២៧,៤៥០ករណីផងដែរ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីករណីឆ្លងថ្មីៗចំនួន ១៨,៤៥៤ករណីបន្ថែមទៀត ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៦០នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា ស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៤៥២,៨៤៤នាក់ ខណៈអ្នកជំងឺសរុប ៣៣,៤៩៥,៨០៨នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា ចំនួនវ៉ាក់សាំងដែលឥណ្ឌាបានចាក់គឺ ១ពាន់លានដូស ក្នុងនោះប្រជាជនជាង ២៩០លាននាក់ (ជាង ២០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕