(វ៉ាស៊ីនតោន)៖ នៅទីបំផុតរដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់ហើយ នូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ ឬ ដូសទី ៣ ជា «ចំរុះ» ប៉ុន្តែត្រូវចាក់ឲ្យត្រូវម៉ាកគ្នា ដូចការចាក់កាលពីលើកមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «FDA បានសម្លឹងឃើញ លទ្ធផល និងប្រយោជន៍ប្រកបដោយសក្តានុពល ដែលទទួលបានពីការចាក់វ៉ាក់សាំងដូសជំរុញ គឺមានលើសពីហានិភ័យទៅទៀត...»។ វ៉ាក់សាំងចំរុះដែល FDA ទើបបានអនុម័តឲ្យប្រើប្រាស់ ទូទាំងសហរដ្ឋអាមេរិកនេះគឺ Moderna និង Johnson & Johnson បន្ថែមពីលើវ៉ាក់សាំង Pfizer ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់មុនគេ តាំងតែពីខែកញ្ញា។ ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ គឺត្រូវតែស្របទៅនឹងម៉ាក ដែលត្រូវបានចាក់កាលពីដូសមុន។

គួរបញ្ជាក់ថា បើតាមការសម្រេចថ្មីរបស់ FDA ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំង Moderna ពីរដូសរួចរាល់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំ, អ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដែលស្ថិតក្នុងហានិភ័យខ្ពស់នៃការឆ្លង COVID-19 និងអ្នកមានអាយុចាប់ពី ១៨ឆ្នាំ ដែលមានប្រព័ន្ធភាពសុំាទន់ខ្សោយ គឺអាចទៅទទួលការចាក់វ៉ាក់សាំង Moderna ដូសទី ៣ បានហើយ។ ដោយឡែកសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Johnson & Johnson ដែលជាប្រភេទចាក់តែ ១ដូសនោះ បន្ទាប់ពីរយៈពេល ២ខែកន្លះ ពួកគេអាចមកទទួលការចាក់វ៉ាក់សាំង Johnson & Johnson ដូសជំរុញបាន៕