(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីនៅថ្ងៃពុធនេះបានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៉ី ស៊ូខយ ស៊ូ-៣០ (Sukhoi Su-30) ចំនួន ០២គ្រឿង ត្រូវបានចល័តឲ្យទៅហោះប្រកៀក នឹងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B មួយគូរបស់សហរដ្ឋអាមេរិក នៅលើតំបន់សមុទ្រខ្មៅ (Black Sea)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក៏មានយន្តហោះសម្រាប់ចាក់សាំងអាមេរិក ០២គ្រឿងទៀត ធុន KC-135 ដែលរួមដំណើរជាមួយក្បួនយន្តហោះទម្លាក់គ្រាប់បែក B-1B ខាងលើនេះផងដែរ ហើយយន្តហោះចម្បាំងរុស្ស៉ី បានហោះទៅប្រកៀកនឹងយន្តហោះអាមេរិកទាំងអស់នោះ នៅលើដែនសមុទ្រខ្មៅ រហូតពួកវាចេញផុតឆ្ងាយពីព្រំប្រទល់របស់ប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា ហេតុការណ៍ស្រដៀងគ្នាមួយទៀត ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ក៏បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ នៅលើដែនអាកាសនៃតំបន់សមុទ្រជប៉ុន (Sea of Japan) គឺប៉ុន្មានថ្ងៃក្រោយក្រោយនាវាចម្បាំងរុស្ស៉ី បានប្រឈមមុខគ្នាជាមួយនាវាចម្បាំងអាមេរិក កំលុងសមយុទ្ធយោធាជើងទឹករុស្ស៉ី-ចិន នៅលើផ្ទៃសមុទ្រនោះ៕