(វ៉ាស៉ីនតោន)៖ ក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) បាននិយាយថា រដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក លោក អាឡេចានដ្រូ ម៉ាយូកាស (Alejandro Mayorkas) ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន ០២ដូស) រួចរាល់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើតេស្តឃើញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១។

DHS បានសរសេរសារបង្ហោះនៅលើគណនីបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនថា «លោក Alejandro Mayorkas បានធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការធ្វើតេស្ត ដែលជាផ្នែកមួយនៃពិធីការមុនពេលធ្វើដំណើរ»

DHS បានបញ្ជាក់បន្ថែមទៀតថា «លោកកំពុងជួបប្រទះបញ្ហាសុខភាព បន្តិចបន្តួចប៉ុណ្ណោះ... លោកបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ហើយ... លោកនឹងស្នាក់នៅដាច់ដោយឡែក ក៏ដូចជាធ្វើការពីចម្ងាយមួយរយៈសិន ទៅតាមវិធានការកំណត់របស់ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) និងតាមដំបូន្មានវេជ្ជសាស្ត្រ ខណៈការតាមដានរកអ្នកដែលធ្លាប់មាន ទំនាក់ទំនងជាមួយលោក កំពុងតែដំណើរការហើយ»៕