(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅដើមសប្ដាហ៍នេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយបច្ចេកទេសជាលើកទី ២ ពីសហរដ្ឋអាមេរិកហើយ ដែលត្រូវបានផ្ដល់ឱ្យស្របតាមកិច្ចព្រមព្រៀង សម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្កាយ (Volodymyr Zelensky) ទៅកាន់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ក្រសួងការពារជាតិអ៊ុយក្រែន បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយដែលរួមមានឧបករណ៍វេជ្ជសាស្រ្ត និងគ្រាប់កាំភ្លើង គឺមានគោលបំណងសម្រេចបាននូវភាពស្រុះស្រួលគ្នាពេញលេញ នៃកងទ័ពអ៊ុយក្រែនជាមួយកងទ័ពរបស់បណ្ដាប្រទេសជាសមាជិកអង្គការ NATO។

សេចក្តីថ្លែងការណ៍ខាងលើ បាននិយាយបន្ថែមថា ជំនួយដំបូងដែលត្រូវបានផ្ដល់ឱ្យប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅនេះ រួមមានឧបករណ៍វេជ្ជសាស្ត្រ គ្រាប់កាំភ្លើង អាវុធចង្អុលប្រាប់ទិស និងឧបករណ៍រ៉ាដា។ ប្រទេសអ៊ុយក្រែនក៏បានរំពឹងពីការមកដល់ នៃជំនួយយោធាពីសហរដ្ឋអាមេរិកជាលើកទី ៣ នាពេលខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអ៊ុយក្រែន គិតចាប់តាំងពីការចាប់ផ្តើមផ្ទុះជម្លោះ នៅភាគខាងកើតប្រទេសនេះកាលពីឆ្នាំ២០១៤ កន្លងទៅនេះ ទីក្រុងកៀវ (Kiev) បានទទួលជំនួយបច្ចេកទេសពីសហរដ្ឋអាមេរិក ដែលមានតម្លៃជាង ២ពាន់លានដុល្លារអាមេរិកហើយ៕