(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ចេញពីពន្ធនាគារ អ៉ិនសេន (Insein) ក្នុងនោះរួមមានទាំងអ្នកនាំពាក្យ គណបក្សរបស់លោកស្រី អោង សាន ស៊ូជី និងតារាកំប្លែងដ៏ល្បីម្នាក់ ឈ្មោះហ្សាហ្កាណា (Zarganar)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

ការដោះលែងអ្នកទោសនយោបាយនៅពេលនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាយល់ថាជាការព្យាយាមមួយរបស់រដ្ឋាភិបាលយោធា ក្នុង ការស្ដារឡើងវិញនូវកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ក្រោយអាស៊ានសម្រេចចិត្តដ៏កម្រ ដោយហាមមិនឱ្យលោក មីន អោង ហ្លេង ចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ា, អ្នកទោសនយោបាយក្នុងរួមមានសមាជិកសភា និងអ្នកសារព័ត៌មានក៏ត្រូវបានដោះលែងកាលពីថ្ងៃចន្ទផងដែរ ចេញពីពន្ធនាគារ ក្នុងទីក្រុង Mandalay, Lashio, Meiktila និងទីក្រុង Myeik។ ប៉ុន្តែ មនុស្ស១១នាក់ ក្នុងចំណោម៣៨នាក់ ដែលត្រូវបានដោះលែងចេញពីពន្ធនាគារទាំងនេះត្រូវបាន គេរាយការណ៍ថាត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនសាជាថ្មី។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញ, ប៉ុន្មាននាទីក្រោយការថ្លែងសុន្ទរកថារបស់លោក មីន អោង ហ្លេង ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានប្រកាសថាមនុស្សច្រើនជាង ៥,៦០០នាក់ដែលត្រូវបានចាប់ខ្លួន ឬអ្នកកំពុងស្ថិតនៅក្រោមការតាមចាប់ដោយសារបានចូលរួមក្នុងបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ នឹងត្រូវបានដោះលែង ក៏ដូចជា លើកលែងទោសផងដែរ៕