(ម៉ុងត្រេអាល់)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech បានដាក់លិខិតមួយរួចហើយទៅកាន់អាជ្ញាធរកាណាដា ដើម្បីស្នើសុំការអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន ចំពោះកុមារអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលា ឆ្នាំ២០២១។

បើតាមប្រភពពីរដ្ឋាភិបាលកាណាដា នេះគឺជាការស្នើសុំដំបូងហើយ សម្រាប់ការប្រើប្រាស់វ៉ាក់សាំង ទៅលើក្រុមមនុស្សមានវ័យក្មេងបែបនេះ។ ការស្នើសុំនេះ បានកើតមានឡើងក្រោយការធ្វើតេស្តលើកុមារសរុប ២,២៦៨នាក់ ដោយការចាក់វ៉ាក់សាំង Pfizer-BioNTech ចំណុះ «១០មីក្រូក្រាម» ទៅលើក្មេងម្នាក់ៗ ដែលបរិមាណនេះ គឺស្មើមិនដល់ «១ ភាគ ៣» នៃចំណុះវ៉ាក់សាំង ដែលចាក់ឲ្យមនុស្សធំធម្មតានោះឡើយ។

គួរបញ្ជាក់ថា កន្លងមកនេះវ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុម័តរួចទៅហើយ ឲ្យប្រើប្រាស់ទៅលើមនុស្សអាយុចាប់ពី ១២ឆ្នាំឡើងទៅ នៅក្នុងប្រទេសកាណាដា។ មន្ត្រីសុខាភិបាលកាណាដាបានអះអាងថា ប្រទេសនេះអាចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ទៅលើក្មេងៗអាយុ ៥ឆ្នាំ ដល់ ១១ឆ្នាំនោះបាន លុះត្រាណាតែខ្លួនធ្វើការត្រួតពិនិត្យ ទៅលើទិន្នន័យនៃការធ្វើតេស្តតាមបែបវិទ្យាសាស្ត្រ ឲ្យបានគ្រប់ជ្រុងជ្រោយសិន។

គិតត្រឹមដើមសប្តាហ៍នេះ កាណាដាបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៥៧.៦លានដូស ក្នុងនោះប្រជាជន ២៧.៧លាននាក់ (៧២.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕