(ប៉េកាំង)៖ នៅវេលាម៉ោង១២និង២៣ អធ្រាត្រនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកមនុស្ស Shenzhou-13 ត្រូវបានបាញ់បង្ហោះដោយជោគជ័យ ហើយបានតភ្ជាប់ជាមួយស្ថានីយអវកាសចិនដោយរលូន។ ក្នុងបេសកកម្មហោះហើរលើកនេះ អវកាសយានិកចំនួន៣រូប នឹងធ្វើការក្នុងស្ថានីយអវកាសកន្លះឆ្នាំ។

លោកស្រី វ៉ាង យ៉ាភីង គឺជាអវកាសយានិកស្រីមួយរូប។ គាត់ត្រូវអ្នកផងស្គាល់ថាជា «អ្នកគ្រូអវកាស»។ ដោយសារបេសកម្មហោះហើរលើកនេះ លោកស្រីនឹងសម្រេចភារកិច្ច «ដំបូងបង្អស់» ជាច្រើន ដូចជាអវកាសយានិកស្រី ដែលចូលនៅស្ថានីយអវកាសដំបូងបង្អស់របស់ចិន អវកាសយានិកស្រីដែលប្រចាំការនៅស្ថានីយអវកាសយូរបំផុតរបស់ចិន ហើយប្រហែលជានឹងក្លាយជាអវកាសយានិកស្រីដែលចេញពីបន្ទប់អវកាសដំបូងគេរបស់ចិនទៀតផង។

«ឱ្យតែអវកាសនាយកប្រុសអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ»

បើធៀបនឹងអវកាសយានិកប្រុស អវកាសយានិកស្រីមានកម្លាំងទន់ខ្សោយជាង នេះគឺជាការពិត ដូច្នេះក្នុងពេលហ្វឹកហាត់ពេលធម្មតា លោកស្រីបានសំណូមពរចំពោះខ្លួនឯងយ៉ាងតឹងរ៉ឹង។ ក្នុងការហ្វឹកហាត់កម្លាំងអំណត់ក្នុងម៉ាស៊ីន centrifuge ដែលបង្វិលដោយល្បឿនលឿន លោកស្រីត្រូវរងសម្ពាតពីការបង្កើនល្បឿនទំនាញ ៨G នាំឱ្យពិបាកដកដង្ហើម ។

ក្នុងការហ្វឹកហាត់ពីការជួយសង្គ្រោះ មិនថាព្រៃឈើដែលមានសត្វព្រៃជាច្រើន ឬសមុទ្រខ្សាច់ដែលមានព្យុះខ្សាច់ហុយពេញមេឃ ឬសមុទ្រដែលមានរលកធំ លោកស្រីសុទ្ធតែប្រឈមមុខយ៉ាងនឹងធឹង ចំពោះការសាកល្បងនៃបរិស្ថានដ៏អាក្រក់។
ក្នុងការហ្វឹកហាត់ពង្រឹងកម្លាំងកាយ ពេលចូលរួមការប្រឡងរត់ប្រណាំងចម្ងាយ ៣០០ ម៉ែត្រ លោកស្រីបានរត់លឿនជាងស្តង់ដារពិន្ទុពេញ ៣នាទី។

ក្នុងការហ្វឹកហាត់បរិក្ខារកាយសម្បទា រាល់លើកលោកស្រីបន្ថែមពេលវេលាហ្វឹកហាត់មួយម៉ោង នាំឱ្យឈឺចុកដើមដៃនៅថ្ងៃបន្ទាប់ស្ទើរតែលើកមិនរួច។ ក្នុងការហ្វឹកហាត់ក្រោមទឹកអំពីធ្វើសកម្មភាព បន្ទាប់ពីចេញពីបន្ទប់យានអវកាស លោកស្រីវ៉ាងយ៉ាភីងស្លៀកពាក់ឈុតមុជទឹក រួចមុជចូលក្នុងជម្រៅទឹក ១០ ម៉ែត្រ ពុះពារ កម្លាំងសម្ពាធគ្រប់យ៉ាងអស់រយៈពេល ៥-៦ ម៉ោង។ អវកាសយានិកប្រុសស្ថិតក្នុងទឹកយូរប៉ុនណា លោកស្រីក៏បានយូរប៉ុណ្ណឹងដែរ។ លោកស្រីនិយាយថា ពេលហាត់រួចរាល់ម្តងៗ ទទួលបានការរីកចម្រើនខាងបច្ចេកទេស ហើយក៏ខិតមួយជំហានទៅជិតនឹងសុបិនដែរ។

«ខ្ញុំមិនដែលគិតពីការបោះបង់ទេ»

ឆ្នាំ២០០៣ លោក យ៉ាង លីវ៉ី អវកាសយានិកចិនបានជិះយានអវកាស Shenzhou-5 ចូលលំហអវកាស សម្រេចបានក្តីសុបិនឡើងលើអវកាស របស់ជនជាតិចិន ញ៉ាំងឱ្យពិភពលោកកាត់សម្គាល់ ប្រទេសចិនទាំងមូលអបអរជាមួយគ្នា។ ពេលនោះ លោកស្រី វ៉ាង យ៉ាភីង បានបំផុសគំនិតមួយ៖ «ឥឡូវ ចិនមានអវកាសយានិកប្រុកទីមួយហើយ កាលណាមានអវកាសយានិកស្រី? បើមានលទ្ធភាព ខ្ញុំនឹងធ្វើជាអ្នកដែលទៅកាន់លំហអវកាស»

ក្រោយពីចូលបម្រើការងារជាអវកាសយានិក ទើបលោកស្រីឃើញថា ជីវិតអវកាសយានិក ត្រូវប្រឈមមុខនឹងការហ្វឹកហាត់ដ៏សោះកក្រោះ និងពិបាករយៈពេលយូរ និងបញ្ហាប្រឈមមុខដ៏តឹងរ៉ឹងម្តងហើយម្តងទៀត។ លោកស្រីវ៉ាងយ៉ាភីងមិនដែលគិតពីការបោះបង់ទេ នៅលើផ្លូវស្វែងរកសុបិនចូលទៅលំហអវកាស លោកស្រីបានប្រកួតប្រជែងជាមួយខ្លួនឯង និងយកឈ្នះលើខ្លួនឯង។

ឧទាហរណ៍ដូចជាពេលនៅលំហអវកាស ត្រូវការបូមឈាម។ កាលពីមុន លោកស្រីមិនហ៊ានទាល់តែសោះ ហើយគ្រាន់តែយកឆៃថាវមកហាត់។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ពេលក្រុមអវកាសយានិកធ្វើការហាត់បូមឈាម គាត់បានសាកល្បងមុនគេយ៉ាងក្លាហាន ហើយសម្រេចការបូមឈាមយ៉ាងល្អនិងរហ័ស។ គាត់ថា ក្រោយពីក្លាយជាអវកាសយានិក ខ្ញុំឃើញថាខ្លួនខ្ញុំបានធ្វើរឿងជាច្រើនដែលពីមុនមិនអាចធ្វើ ធ្វើឱ្យខ្ញុំមាន អារម្មណ៍ទទួលបានសមិទ្ធផល ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។

ការហ្វឹកហាត់ខាងកម្លាំងអំណត់ មុនដំបូងជាវិញ្ញាសាពិបាកមួយសម្រាប់លោកស្រី វ៉ាង យ៉ាភីង គាត់ទទួលបានពិន្ទុតែកម្រិតទីពីរ។ ការហ្វឹកហាត់នេះត្រូវការកម្លាំងសាច់ដុំពោះនិងខ្នងខ្លាំង ឯគាត់មានរាងស្គម ខ្វះសាច់ដុំ ហេតុនេះហើយគាត់បានហ្វឹកហាត់បន្ថែមជារៀងរាល់ថ្ងៃ ដើម្បីបង្កើនមុខងារនៃសរសៃឈាមបេះដូងនិងកម្លាំងសាច់ដុំ។

ដល់ដំណាច់ឆ្នាំ ២០១១ ក្នុងការប្រឡងលើកនេះ លោកស្រី វ៉ាង យ៉ាភីង ទទួលបានពិន្ទុកម្រិតទីមួយ។ ក្នុងលំហអវកាស ពេលស្លៀកពាក់ឯកសណ្ឋាន សម្រាប់ចេញក្រៅបន្ទប់យានអវកាស អវកាសយានិកត្រូវពឹងលើអវយវៈខាងលើ ហេតុនេះ និយាយចំពោះអវកាសយានិកស្រី ដែលមានលទ្ធភាពត្រូវអនុវត្តភារកិច្ច នៅក្រៅបន្ទប់យានអវកាស តើត្រូវធ្វើយ៉ាងណាដើម្បីបង្កើនកម្លាំងអវយវៈខាងលើ? វិធីសាស្ត្រតែមួយគត់ គឺខិតខំហាត់!

លោក គូ ហ្ស៊ីមីង គ្រូបង្វឹកកាយសម្បទារបស់លោកស្រី វ៉ាង យ៉ាភីង បានប្រាប់ថា រាល់លើក គាត់សុទ្ធតែនឹងហាត់កម្លាំងដៃជាពិសេស ហាត់ក្តាប់បាល់ដែក Push up លើកដុំដែក។ ពេលហាត់កាយសម្បទា គាត់តែងតែចេញពីបន្ទប់ហ្វឹកហាត់យឺតជាងគេ។

ការខិតខំប្រឹងប្រែងតែងបានផល ទីបំផុត លោកស្រី វ៉ាង យ៉ាភីង ហាត់បានសាច់ដុំដៃ។ មានមួយលើក ក្រោយពីហ្វឹកហាត់រួច គាត់ទៅចាប់សរសៃ ជាងម៉ាស្សាបានក្រើនរំលឹកគាត់ថា មានដំណឹងមិនល្អមួយ ដើមដៃរបស់អ្នកធំមាំជាងមុន! ប៉ុន្តែ លោកស្រីវ៉ាងយ៉ាភីងមានប្រតិកម្មខុសពីនារីធម្មតា គាត់និយាយទាំងក្តីសប្បាយរីករាយថា ល្អណាស់! វាបង្ហាញថាខ្ញុំហាត់បានផល កម្លាំងសាច់ដុំបានកើនឡើង។

និយាយចំពោះលោកស្រីវ៉ាងយ៉ាភីង អវកាសយានិកមិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការងារមួយ ដែលគាត់ស្រឡាញ់ចូលចិត្ត។ ក្តីស្រឡាញ់ចំពោះការងារបានផ្តល់នូវ កម្លាំងចលករឥតឈប់ឈរដល់គាត់ ដើម្បីទ្រទ្រង់គាត់ឈានទៅមុខ។

«ឈ្មោះជាអ្នកគ្រូអវកាសធ្វើឱ្យខ្ញុំមានមោទនភាព»

នៅវេលាម៉ោង ១០និង០៤នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣ នៅលើយានអវកាស Tiangong-1ដែលឃ្លាតពីភពផែនដីជាង ៣០០ គីឡូម៉ែត្រ លោកស្រី វ៉ាង យ៉ាភីង ក្នុងសណ្ឋានការងារពណ៌ខៀវ បានបើកថ្នាក់បង្រៀនក្នុងទីអវកាស ដល់គ្រូបង្រៀននិងសិស្សានុសិស្សចំនួនជាង ៦០លាននាក់ នៃសាលាវិទ្យាល័យចំនួនជាង ៨លានទូទាំងប្រទេសចិន។ លោកស្រីបានរួមសហការជាមួយលោក នៀ ហៃសឹង និងលោក ចាង សៀវក្វាង ប្រើពេល៤០នាទី ដើម្បីបង្ហាញការពិសោធន៍លើរូបវិទ្យាមូលដ្ឋានចំនួន៥ រួមមានការធ្វើតេស្តវាស់ទម្ងន់ជាដើម ថែមទាំងបានផ្លាស់ប្តូរមតិយោបល់ជាមួយ គ្រូបង្រៀននិងសិស្សានុសិស្សតាមប្រព័ន្ធវីដេអូទៀតផង។

ថ្នាក់បង្រៀនក្នុងលំហអវកាសដ៏ទាក់ទាញលើកនេះ បានបំផុសអោយក្មេងៗរាប់ម៉ឺននាក់ ចូលចិត្តវិទ្យាសាស្ត្រ។ បន្ទាប់ពីនោះ លោកស្រី វ៉ាង យ៉ាភីង បានទទួលសំបុត្រពីសិស្សជាច្រើន គាត់ក៏បានទៅសាលារៀនមួយចំនួន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សផងដែរ។ ការប្រាថ្នាចំពោះលំហអវកាសនិងការចង់ចេះចង់ដឹង ខាងការរុករកវិទ្យាសាស្ត្ររបស់និស្សានុសិស្ស បានកើនឡើងយ៉ាងខ្លាំង។

នៅមានក្មេងៗជាច្រើនដែលកាលនោះពុំទាន់ចាប់កំណើត ពេលប្រទះឃើញវីដេអូឃ្លីបបង្រៀនរបស់លោកស្រី វ៉ាង យ៉ាភីង ក៏នាំគ្នាសួរគាត់ថា ពេលណានឹងបង្រៀនក្នុងលំហអវកាសទៀត។ នេះក៏បានលើកទឹកចិត្តលោកស្រី ឱ្យចង់ទៅទីអវកាសម្តងទៀត ដើម្បីនាំក្មេងៗទៅមើលពីអ្វីប្លែកនិងថ្មី។

«កូនស្រីឱ្យខ្ញុំទៅទីអវកាសបេះផ្កាយជាច្រើនឱ្យគាត់»

អ្វីដែលខុសគ្នានឹងការអនុវត្តបេសកកម្មកាលពី ៨ឆ្នាំមុន លើកនេះទៅបំពេញការងារក្នុងទីអវកាស លោកស្រី វ៉ាង យ៉ាភីង មានកង្វល់ធំបំផុតមួយ នៅក្នុងចិត្តរបស់លោកស្រី គឺកូនស្រីដែលមានអាយុ ៥ ឆ្នាំកន្លះ។

ក្នុងវ័យដែលកូនពឹងលើម្តាយបំផុត លោកស្រី វ៉ាង យ៉ាភីង ត្រូវបែកជាមួយកូនស្រីរយៈពេលកន្លះឆ្នាំ លោកស្រីពិតជាមិនដាច់ចិត្តទេ។ គាត់តែងតែគិតថា តើនឹងមានអ្វីកើតឡើងនៅកន្លះឆ្នាំក្រោយ? តើទំនាក់ទំនងរវាងកូនស្រីនិងគាត់នឹងមានអ្វីប្លែកទេ?
ពេលធម្មតា លោកស្រីវ៉ាងយ៉ាភីងនៅជាមួយ ក្រុមគ្រួសារតិចតួចណាស់ ជាពិសេសពីរឆ្នាំចុងក្រោយនេះ ដោយសារត្រូវបានជ្រើសរើសជាអវកាសយានិកបម្រុង សម្រាប់ចេញបំពេញបេសកកម្ម ហើយជំងឺកូវីដ ១៩ ចេះតែផ្ទុះរលកថ្មី លោកស្រីនៅដាច់ដោយឡែកពីគេ ហេតុនេះតែងតែមិនអាចទៅផ្ទះវិញ កូនស្រីយំយ៉ាងខ្លាំងដោយសារនឹកម្តាយ ក៏គ្រាន់តែអាចមើលតាមរបង។

ទោះបីជាយ៉ាងនេះក៏ដោយ កូនស្រីតូចនេះមានមោទនភាពចំពោះការងាររបស់ម្តាយ។ មានមួយលើក ក្រោយពីត្រលប់មកពីសាលាមត្តេយ្យវិញ គាត់បាននិយាយជាមួយម្តាយថា ម៉ាក់គឺជាអវកាសយានិកមួយរូប ប៉ុន្តែខ្ញុំដឹងថា ម៉ាក់ក៏ជាគ្រូបង្រៀនមួយរូបទៀត គឺជាគ្រូបង្រៀនអំពីអវកាស។ កូនស្រីគាត់ក៏មានចំណូលចិត្តយ៉ាងខ្លាំងចំពោះលំហអវកាសដ៏ធំធេង ហើយជារឿយៗតែងតែសូមអោយម្តាយប្រាប់ពីរឿងអវកាស។

តើកន្លះយូរប៉ុនណា កូនស្រីតូចមិនដឹងទេ។ ដើម្បីរក្សាការទាក់ទងគ្នារយៈពេលកន្លះឆ្នាំ លោកស្រី វ៉ាង យ៉ាភីង និងកូនស្រី បានដាក់ភារកិច្ចឱ្យគ្នាទៅវិញទៅមក មើលថាតើអ្នកណាធ្វើបានល្អ។ លោកស្រីឱ្យកូនស្រីមើលថែខ្លួនឯង និងយាយតាឱ្យបានល្អ ហើយខិតខំរៀនសូត្រ។ កូនស្រីវិញសុំឱ្យលោកស្រីបេះផ្កាយជាច្រើនពី ទីអវកាសដើម្បីយកទៅជូនឱ្យមិត្តរួមថ្នាក់របស់គាត់៕