(ប៉េកាំង)៖ ក្រសួងការបរទេសចិននៅថ្ងៃចន្ទនេះ បានចេញមុខច្រានចោលរបាយការណ៍ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់ មីស៉ីលលឿនលឿនជាងសំឡេង ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ កាលពីខែសីហា ឆ្នាំ២០២១នេះ ដូចទៅនឹងការអះអាងរបស់សារព័ត៌មាន Financial Times កាលពីចុងសប្តាហ៍កន្លងទៅនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានថ្លែងដូច្នេះថា «វាគឺជាការធ្វើតេស្តជាធម្មតា នៃយានអវកាសមួយ ដើម្បីផ្ទៀងផ្ទាត់លើ បច្ចេកវិទ្យានៃការប្រើប្រាស់ឡើងវិញ របស់យានអវកាស»។ លោក ចាវ បានបន្ថែមថា ការធ្វើតេស្តនោះ មានសារសំខាន់ សម្រាប់ជួយកាត់បន្ថយថ្លៃប្រើប្រាស់យានអវកាស ហើយផ្តល់នូវមធ្យោយបាយងាយស្រួល និងចំណាយទាប សម្រាប់ឲ្យមនុស្សយើងប្រើប្រាស់ទីអវកាស ក្រោមគោលបំណងសន្តិភាព។

គួរបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ សារព័ត៌មាន Financial Times ដែលយោងតាមប្រភពមិនបញ្ចេញឈ្មោះចំនួន៥ បានចេញផ្សាយរបាយការណ៍មួយថា ប្រទេសចិនបានសាកល្បងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរ កាលពីខែសីហាកន្លងទៅ៕