(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងអកលែនដ៍ (Auckland) ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់ នឹងបន្តអនុវត្តវិធានការបិទខ្ទប់របស់ខ្លួនរយៈពេល០២សប្តាហ៍ទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួន Delta ខណៈប្រទេសនេះ កំពុងជំរុញការចាក់វ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «រាល់ការបន្ធូរបន្ថយវិធានការរឹតត្បឹត ជាបណ្តោះអាសន្នណាមួយ… នឹងមិនដំណើរការឆ្ពោះទៅរកផែនការកាត់បន្ថយករណីឆ្លងរបស់យើងទេ ខណៈយើងកំពុងបង្កើនការចាក់វ៉ាក់សាំង។ ប៉ុន្តែអ្វីដែលធំបំផុតដែលនឹងធ្វើឱ្យមានភាពខុសប្លែកគ្នានៅពេលនេះ រួមជាមួយការចាក់វ៉ាក់សាំង គឺថាមនុស្សគ្រប់គ្នាត្រូវបន្តគោរពអនុវត្តតាមវិធានការរឹតត្បឹត»

ការដាក់ចេញនូវវិធានការបិទខ្ទប់ នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅប្រមាណ ១.៧លាននេះ បានចាប់ផ្តើមកាលពីពាក់កណ្តាល ខែសីហាកន្លងទៅនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការផ្ទុះឡើងនៃវីរុសឆ្លងរាតត្បាតដ៏កាចសាហាវនេះ។

វិធានការរឹតត្បឹតខ្លះ ត្រូវបានបន្ធូរបន្ថយ ដើម្បីអនុញ្ញាតឱ្យមនុស្សចាកចេញពីផ្ទះ ជួបមនុស្សជាទីស្រឡាញ់របស់ពួកគេនៅខាងក្រៅជាក្រុម ដែលមានកំណត់ត្រឹម ១០នាក់ ព្រមទាំងអនុញ្ញាតឱ្យទៅលេងកម្សាន្តនៅឯឆ្នេរសមុទ្រ និងឧទ្យានផងដែរ។ ប៉ុន្តែសាលារៀន អាជីវកម្ម និងក្រុមហ៊ុន នៅតែបន្តបិទដដែល ហើយការជួបជុំគ្នានៅតាមកន្លែងបិទជិត មិនត្រូវបានអនុញ្ញាតឡើយ។

គួរបញ្ជាក់ថា ចំនួនករណីឆ្លងវីរុស COVID-19 សរុបនៅទូទាំងប្រទេសនូវែលសេឡង់ នៅក្នុងការផ្ទុះឡើង នាពេលបច្ចុប្បន្ននេះ បានកើនឡើងដល់ ២,០០៥ករណី ខណៈករណីឆ្លងសរុបគិតចាប់តាំងពី COVID-19 ផ្ទុះឡើងដំបូងគឺ ជាង៥,០០០ករណី៕