(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៧,៩៤៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦១នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៥,៧៩២,៥៣២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៤៤,៥៤៦នាក់ និងជាសះស្បើយឡើងសរុប ៣៥.៣៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ក្រុមហ៊ុនផលិតឱសថ Merck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា កាលពីថ្ងៃទី១១ ខែតុលា កន្លងទៅថ្មីៗនេះ បានដាក់ពាក្យស្នើសុំការប្រើប្រាស់ថ្នាំគ្រាប់ ម៉ុលនូភីរ៉ាវៀរ (molnupiravir) ក្នុងករណីបន្ទាន់ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក បន្ទាប់ពីការធ្វើតេស្តទ្រង់ទ្រាយធំលើមនុស្សបានបង្ហាញថា ថ្នាំគ្រាប់នេះអាចកាត់បន្ថយការចូលសម្រាកមន្ទីរពេទ្យ និងអ្នកជំងឺបាត់បង់ជីវិត ដោយសារ COVID-19 បានរហូតដល់ទៅ ៥០%។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤០៧លានដូស ក្នុងនោះប្រជាជន ២១៨.៥៨លាននាក់ (៦៦.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៨៨.៩លាននាក់ (៥៧.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕