(តែលអាវីវ)៖ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល បាននិយាយថាប្រទេសរបស់លោកមិនចង់មានសង្រ្គាមជាមួយក្រុមហេសប៊ូលឡា (Hezbollah) នៅក្នុងប្រទេសលីបង់នោះទេ ប៉ុន្តែបានត្រៀមខ្លួនជាស្រេចដើម្បីប្រឈមមុខនឹងគ្រាប់រ៉ុក្កែត ២,០០០គ្រាប់ក្នុងមួយថ្ងៃ នៅក្នុងករណីសង្រ្គាមផ្ទុះឡើង។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១។

លោក Uri Gordin ជាមេបញ្ជាការនៃទីបញ្ជាការប្រចាំតំបន់នៃយោធាអ៉ីស្រាអែលធ្វើការកត់សម្គាល់ខាងលើ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ លោក Uri Gordin បានបញ្ជាក់ដូច្នេះថា «យើងធ្លាប់បានឃើញគ្រាប់រ៉ុក្កែតច្រើនជាង ៤០០គ្រាប់ក្នុងមួយថ្ងៃបាញ់តម្រង់មកកាន់ទឹកដី អ៉ីស្រាអែល...តែនៅក្នុងករណីសង្រ្គាម ឬជម្លោះផ្ទុះឡើងជាមួយក្រុមហេសប៊ូលឡា នោះយើងរំពឹងថាគ្រាប់រ៉ុក្កែតទាំងនេះនឹងកើនឡើង៥ដង ឬចន្លោះពី ១,៥០០គ្រាប់ ដល់ ២,៥០០គ្រាប់ ដែលអាចបាញ់ចេញពីទឹកដីលីបង់ឆ្ពោះមកកាន់អ៉ីស្រាអែល»

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២១នេះ, នៅក្នុងសង្រ្គាមរយៈពេល ១១ថ្ងៃជាមួយក្រុមហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា មានគ្រាប់រ៉ុក្កែតសរុប ជាង ៤,៤០០គ្រាប់ត្រូវបានបាញ់ចេញដោយក្រុមហាម៉ាស់ តម្រង់មកកាន់ទឹកដីអ៉ីស្រាអែល។ ប៉ុន្តែ គ្រាប់រ៉ុក្កែតទាំងនោះស្ទើរតែ ៩០ភាគរយ ត្រូវបានបំផ្លាញ ដោយប្រព័ន្ធខែលការពារមីស៊ីលអ៉ីស្រាអែល Iron Dome៕