(ម៉ូស្គូ)៖ នៅថ្ងៃសៅរ៍នេះ ប្រទេសរុស្ស៉ីបានកត់ត្រានូវ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 ដល់ទៅ ១,០០២នាក់ ក្នុងមួយថ្ងៃ ខណៈវាជាលើកដំបូងហើយ ដែលរុស្ស៉ីបានមើលឃើញ អត្រាអ្នកជំងឺស្លាប់ច្រើនបែបនេះ គិតចាប់តាំងពី COVID-19 បានផ្ទុះឡើងដំបូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

សម្រាប់ករណីឆ្លងថ្មីៗវិញនៃជំងឺ COVID-19 ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺរុស្ស៉ីបានប្រកាសរកឃើញចំនួន ៣៣,២០៨នាក់ ដែលជាការបន្តបំបែកកំណត់ត្រា៥ថ្ងៃជាប់ៗគ្នា។ អាជ្ញាធរសុខាភិបាលរុស្ស៉ី បានបន្ទោសលើយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ដែលពុំសូវមានសន្ទុះ ជាមូលហេតុនៅពីក្រោយ ការលោតឡើងយ៉ាងគំហុកបែបនេះ នូវករណីឆ្លងនិងស្លាប់។

គួរបញ្ជាក់ថា មកទល់ពេលនេះ មនុស្សត្រឹម៤៨លាននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនរុស្ស៉ីសរុប១៤៤នាក់ ដែលទទួលបានការចាក់វ៉ាក់សាំងគ្រប់ដូស និង៥១លាននាក់ ទទួលបានការចាក់១ដូស។ ចំណែកតួលេខករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសរុស្ស៉ីវិញ គឺបានកើនដល់ ៧.៩៦លាននាក់ និងស្លាប់ ២២២,៣១៥នាក់៕