(សិង្ហបុរី)៖ ក្រសួងការបរទេសសិង្ហបុរី បានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ នេះថា ប្រទេសនេះគាំទ្រសេចក្តីសម្រេចរបស់ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងការអញ្ជើញតំណាងមួយរូបមកពីមីយ៉ាន់ម៉ា ដែលមិនពាក់ព័ន្ធនឹងនយោបាយ ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែតុលា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាល្ងាចថ្ងៃសៅរ៍។

នៅថ្ងៃសៅរ៍នេះ ព្រុយណេដែលជាប្រធានអាស៊ាន បានប្រកាសថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេង (Min Aung Hlaing) នឹងមិនទទួលបានការអញ្ជើញឲ្យចូលរួម កិច្ចប្រជុំកំពូលអាស៊ាន ក្នុងខែតុលានេះឡើយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំពិសេសមួយ កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។ កិច្ចប្រជុំនោះ មានគោលដៅពិគ្រោះអំពីភាពបរាជ័យ របស់របបដឹកនាំយោធាមីយ៉ាន់ម៉ា ក្នុងការគោរពតាមផែនការសន្តិភាព ដែលខ្លួនបានព្រមព្រៀងគ្នាជាមួយអាស៊ាន កាលពីខែមេសា ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រុយណេ គឺមិនមានការលើកឡើងចំៗពីឈ្មោះលោក មីន អោង ហ្លេង នោះទេ ដោយគ្រាន់តែនិយាយថា បុគ្គលដែលមិនជាប់ពាក់ព័ន្ធនយោបាយពីប្រទេសមីយ៉ាន់ម៉ា នឹងត្រូវអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២១នេះ ក្រោយអាស៊ានពុំអាចមូលមតិគ្នាជាឯកច្ឆន្ទ ជុំវិញការអញ្ជើញអ្នកតំណាងនយោបាយ។

ជុំវិញបញ្ហានេះដែរ ក្រសួងការបរទេសសិង្ហបុរីបានគូសបញ្ជាក់ថា «នេះគឺជាការសម្រេចចិត្តដ៏លំបាក ប៉ុន្តែជាភាពចាំបាច់ ដើម្បីរក្សាឲ្យបាននូវភាពជឿជាក់របស់អាស៊ាន...។ សិង្ហបុរីនៅតែជំរុញឱ្យយោធាមីយ៉ាន់ម៉ា សហការជាមួយបេសកជនពិសេសអាស៊ាន ដើម្បីអនុវត្តឲ្យបានឆាប់រហ័ស និងពេញលេញនូវកិច្ចព្រមព្រៀង ៥ ចំណុច»