(វ៉ាស៊ីនតោន)៖ ជាការបោះជំហានថ្មីមួយទៀត ដើម្បីជំរុញការធ្វើដំណើរពីប្រទេសកាណាដា និងអន្តរជាតិចូលកាន់ប្រទេសខ្លួន មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានសម្រេចកាលពីយប់ថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ថា នឹងទទួលស្គាល់វ៉ាក់សាំងបង្ការជំងឺ COVID-19 «ចំរុះ» ដែលអ្នកដំណើរអន្តរជាតិបានចាក់រួចរាល់ មុននឹងមកដល់ទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១។

កាលពីសប្តាហ៍មុននេះ ស្ថាប័ន CDC នៃសហរដ្ឋអាមេរិក បានប្រកាសទទួលស្គាល់តែវ៉ាក់សាំងបង្ការ COVID-19 នានា ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់តែប៉ុណ្ណោះ។ កន្លងមកនេះ វ៉ាក់សាំងដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការដោយ WHO រួមមានដូចជា វ៉ាក់សាំង Moderna, Pfizer-BioNTech, Janssen (Johnson & Johnson), Oxford/AstraZeneca, Serum (សហការជាមួយ AstraZeneca), Sinopharm និង Sinovac។

យ៉ាងណាក៏ដោយ ប្រទេសមួយចំនួនដូចជា ឥណ្ឌា និងវៀតណាមជាដើម ត្រូវបានគេមើលឃើញថា បាននិងកំពុងប្រើប្រាស់វ៉ាក់សាំង ដែលមិនទាន់ត្រូវបានអនុម័តដោយ WHO ដោយសារតែស្ថានការណ៍ចាំបាច់ នៅក្នុងប្រទេសទាំងនេះ។

គួរបញ្ជាក់តាមសេតវិមានទីក្រុងវ៉ាស៊ីនតោនឲ្យដឹងថា ផែនការទទួលស្គាល់វ៉ាក់សាំង COVID-19 «ចំរុះ» សម្រាប់អ្នកដំណើរការមកពីអន្តរជាតិ ដែលបានចាក់គ្រប់ដូសនោះ នឹងចាប់អនុវត្តពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយតាមផ្លូវគោក សម្រាប់បណ្តាប្រទេសជាប់ព្រំដែនអាមេរិក និងតាមផ្លូវអាកាស សម្រាប់អ្នកដំណើរមកពីអន្តរជាតិ។ CDC គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីពន្យល់បន្ថែមអំំពីតម្រូវការថ្មីនេះ នៅថ្ងៃទី២៥ ខែតុលា៕