(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វឹមីអុ គីហ្ស៊ីដា (Fumio Kishida) នៅថ្ងៃសុក្រនេះបានប្រកាសអំពីផែនការត្រួសៗ នៃចំណាត់ការសម្រាប់ប្រយុទ្ធប្រឆាំង COVID-19 ខណៈរដ្ឋាភិបាលលោកនឹងបញ្ចេញ គោលការណ៍លម្អិតនៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំមួយនៅថ្ងៃសុក្រនេះ លោក Kishida បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងត្រៀមលក្ខណៈ សម្រាប់រាតត្បាតខ្លាំងថ្មីបន្ទាប់ទៀតនៃ COVID-19 តាមរយៈការពិចារណាលើសេណារីយ៉ូអាក្រក់បំផុត»។ បើតាមលោក Kishida ប្រសិនបើការឆ្លងរាលដាលមានការស្ទុះឡើងខ្លាំង នោះរដ្ឋាភិបាលនឹងស្នើឲ្យប្រជាជន អនុវត្តវិធានការរឹតត្បិតតឹងរ៉ឹងជាងមុន។ លោកនាយករដ្ឋមន្រ្តីជប៉ុន បានបញ្ជាក់ទៀតថា រដ្ឋាភិបាលបានគ្រោងនឹងបញ្ចេញ ចំណាត់ការឆ្លើយតបដែលមានភាពលម្អិត នៅខែវិច្ឆិកាខាងមុខ។

សម្រាប់នៅក្នុងផែនការត្រួសៗខាងលើ រដ្ឋាភិបាលជប៉ុនមានគោលដៅ កំណត់ឲ្យគ្រែមន្ទីរពេទ្យប្រហែល ៨០ភាគរយ ត្រូវរក្សាទុកសម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ហើយតម្រូវឲ្យមន្ទីរពេទ្យរដ្ឋនានា បង្កើនចំនួនគ្រែបន្ថែមទៀត។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុននឹងព្យាយាមសម្រេចឲ្យបានមុនផុតឆ្នាំ២០២១នេះ នូវការអនុម័តថ្នាំលេបដែលកំពុងស្ថិតក្នុងការធ្វើតេស្ត ដើម្បីយកទៅព្យាបាលអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាលៗ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានទទួលរងការលោតឡើង នៃករណីឆ្លង COVID-19 កំលុងរដូវក្តៅឆ្នាំ២០២១នេះ ដោយបានមើលឃើញអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត គឺ ២៥,៨៦៧នាក់ កាលពីខែសីហាកន្លងទៅ។ យ៉ាងណាមិញ ស្ថានភាពនៃការឆ្លងរាលដាល បានថយចុះជាលំដាប់មកវិញនៅទូទាំងប្រទេស ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង កាន់តែមានសន្ទុះទៅមុខ៕