(ប៉េកាំង)៖ មហាសន្និបាតស្តីពីគមនាគមន៍សកលលោក ប្រកបដោយនិរន្តរភាពលើកទី ២ នៃអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “គមនាគមន៍និរន្ដរភាព ការអភិវឌ្ឍន៍ជានិរន្តភាព” បានសម្ពោធបើកជាផ្លូវការនៅក្រុងប៉េកាំងកាលពីថ្ងៃទី១៤ ខែតុលា។ មហាសន្និបាតលើកនេះនឹងធ្វើការងារជាបន្តបន្ទាប់ នៃមហាសន្និបាតស្តីពីគមនាគមន៍សកលលោក ប្រកបដោយនិរន្តរភាពលើកដំបូង ដែលប្រារព្ធធ្វើឡើងនៅក្រុង Ashkhabat រដ្ឋធានីប្រទេសតួកមេនីស្ថាន កាលពីឆ្នាំ២០១៦ ក្នុងន័យចង្អុលបង្ហាញពីទិសដៅអភិវឌ្ឍ នៃវិស័យគមនាគមន៍ប្រកបដោយនិរន្តរភាព ដើម្បីជំរុញការសម្រេចបាននូវគោលដៅ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ខាងមុខ។

ទិន្នន័យពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា គិតរហូតដល់ចុងឆ្នាំ២០២០ ផ្លូវដែករបស់ប្រទេសចិនដែលបានដាក់ឱ្យប្រើប្រាស់មានប្រវែង ១៤៦,០០០គីឡូម៉ែត្រ ត្រូវជា ៧ដងបើប្រៀបធៀបនឹងរយៈពេលដំបូង ដែលប្រទេសចិនថ្មីទើបបង្កើតឡើង។ ការអភិវឌ្ឍផ្លូវដែកល្បឿនលឿនរបស់ចិន គឺឆាប់រហ័ស ពោលគឺក្នុងរយៈពេលដ៏ខ្លី សម្រេចបាននូវពីគ្មានដល់មាន និងលោតផ្លោះដល់លំដាប់ថ្នាក់ទីមួយនៅលើពិភពលោក។ គិតរហូតដល់ចុងឆ្នាំ២០២០នេះ ផ្លូវដែកល្បឿនលឿនរបស់ចិន ដែលបានដាក់ឱ្យប្រើប្រាស់មានប្រវែង គឺ ៣៨,០០០ពាន់គីឡូម៉ែត្រ ត្រូវជា ២ ភាគ ៣ នៃប្រវែងផ្លូវដែកល្បឿនលឿនរបស់សកលលោក ដែលបានដាក់ឱ្យប្រើប្រាស់។

ឆ្នាំនេះជាឆ្នាំទីមួយ នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេល ៥ឆ្នាំ លើកទី ១៤ ហើយក៏ជាឆ្នាំទីមួយសម្រាប់ពន្លឿនការកសាង ប្រទេសខ្លាំងពូកែខាងផ្នែកគមនាគមន៍ផងដែរ ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែង ធ្វើឱ្យបណ្តាញគមនាគមន៍ចម្រុះមានសុក្រឹតភាព បង្កើតប្រព័ន្ធសេវាចរាចរណ៍ទំនិញសម័យទំនើប ខិតខំជម្រុញនូវការអភិវឌ្ឍរួមបញ្ចូលគ្នា រវាងវិស័យគមនាគមន៍ ដឹកជញ្ជូន និងវិស័យកសិកម្មទំនើប វិស័យវិស័យកម្មន្តសាលជឿនលឿន វិស័យទេសចរណ៍ និងវិស័យជាប់ពាក់ព័ន្ធផ្សេងទៀត ពង្រីកយ៉ាងសកម្មនូវមធ្យោបាយភស្ដុភារអន្តរជាតិចម្រុះ ក៏ដូចជាធ្វើឱ្យវិស័យគមនាគមន៍ និងដឹកជញ្ជូនដើរតួនាទីជាទីបង្អែក និងធានាឱ្យបានល្អផងដែរ។

បច្ចុប្បន្ននេះ គមនាគមន៍ជាកម្លាំងចលករស្នូល ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍនិរន្តរភាពជាសកល ជាមួយគ្នានេះ បញ្ហាបរិស្ថានដែលបណ្តាលមកពីការអភិវឌ្ឍគមនាគមន៍ ក៏មិនត្រូវមើលរំលងឡើយ។ ទិន្នន័យបានបង្ហាញឱ្យឃើញថា យោងតាមទស្សនៈ និងវិធីសាស្ត្រនៃការអភិវឌ្ឍគមនាគមន៍បៃតង ទទួលបានការច្នៃប្រឌិតថ្មីឥតឈប់ឈរ ការប្រើប្រាស់ថាមពល និងកម្រិតបញ្ចេញកាបូនរបស់គមនាគមន៍ និងការដឹកជញ្ជូនរបស់ចិនក៏បានធ្លាក់ចុះជាបន្តបន្ទាប់ បើប្រៀបធៀបនឹងឆ្នាំ២០១៥ កម្រិតបញ្ចេញកាបូនលើវិស័យគមនាគមន៍ និងការដឹកជញ្ជូនរបស់ចិនកាលពីឆ្នាំ២០២០ បានធ្លាក់ចុះ៧.៥ភាគរយ។ នៅពេលអនាគត ប្រទេសចិននឹងពន្លឿនបង្កើតមធ្យោបាយគមនាគមន៍ និងដឹកជញ្ជូនបៃតងកាបូនទាប ក្នុងន័យបង្កើនកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធបៃតង ដើម្បីធ្វើឱ្យគមនាគមន៍អាចធនាបាននូវកិច្ចការពារបរិស្ថាន និងការធ្វើដំណើរដោយបំភាយកាបូនទាប។

បច្ចុប្បន្ននេះ ប្រទេសចិនបានបើកផ្លូវដឹកជញ្ជូនកុងតឺន័រនៅមហាសមុទ្រប៉ាស៊ីហ្វិក ទ្វីបអឺរ៉ុប មហាសមុទ្រអាត្លង់ទិច អាស៊ីប៉ាស៊ីហ្វិក អាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូងជាដើម ដែលបានកកើតជាប្រព័ន្ធសេវាខ្សែសង្វាក់ចរាចរណ៍ទំនិញអន្តរជាតិ ដែលចាត់ទុកការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវទឹក ផ្លូវអាកាស និងតភ្ជាប់ជាមួយផ្លូវដែកជាចម្បង ។ ខណៈពេលឈានចូលដំណាល់កាលអភិវឌ្ឍថ្មី ស្របពេលនឹងការបើកទូលាយនិងធ្វើកិច្ចសហប្រតិបតិ្តការអន្តរជាតិ ប្រទេសចិននឹងជំរុញឱ្យបង្កបង្កើតប្រព័ន្ធតភ្ជាប់គ្នាបូករួមទាំងផ្លូវគោក ផ្លូវទឹក ផ្លូអាកាសនិងផ្លូវបណ្តាញ ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច ទទួលបានការអភិវឌ្ឍប្រកបដោយកាន់តែបើកទូលាយ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍រួមគ្នា តុល្យភាពនិងឈ្នះ-ឈ្នះ៕