(ប៉េកាំង)៖ ចិនកំពុងត្រៀមខ្លួនបញ្ជូនអវកាសយានិក៣រូបទៀត ឲ្យទៅស្នាក់នៅក្នុងស្ថានីយអវកាសរបស់ខ្លួន ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១។

ក្នុងចំណោមអវកាសយានិកចិនទាំង៣នាក់ខាងលើ ក៏មានស្រ្តីម្នាក់ផងដែរ។ យានអវកាស Shenzhou-13 ព្រមទាំងគ្រាប់រ៉ុក្កែត Long March-2F នឹងនាំយកពួកគេឡើងទីអវកាស នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ចេញពីមូលដ្ឋានបង្ហោះយានអវកាស Jiuquan ស្ថិតនៅតំបន់វាលខ្សាច់ Gobi ភាគពាយព្យប្រទេសចិន។ ក្រុមអវកាសយានិកចិនលើកនេះ នឹងត្រូវស្នាក់នៅក្នុងទីអវកាសចំនួន៦ខែ ដែលជាបេសកកម្ម មានរយៈពេលយូរបំផុត សម្រាប់ប្រទេសចិន។

បេសកកម្មយាន Shenzhou-13 នឹងជាបេសកកម្មទី៥ ក្នុងកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១ នៅពេលកំណាត់បន្ទប់ស្នូល Tianhe ត្រូវបានបញ្ជូនឡើងទីអវកាស។ វាក៏នឹងជាបេសកកម្មបញ្ជូនមនុស្សជើងទី២ ផងដែរ ដោយក្រុមអវកាសយានិកជើងទី១ ទើបតែបានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីពាក់កណ្តាលខែមុន ក្រោយបំពេញបេសកកម្មរយៈពេល៩០ថ្ងៃ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ចិនបានបញ្ជូនអវកាសយានិកខ្លួនសរុប១៤នាក់ ឡើងទៅកាន់ទីអវកាស គិតចាប់តាំងពីឆ្នាំ២០០៣មក នៅពេលចិនក្លាយជាប្រទេសទី៣ បន្ទាប់ពីអតីតសហភាពសូវៀត (រុស្ស៉ី) និងសហរដ្ឋអាមេរិក ដែលបានសម្រេចរឿងបែបនោះដោយខ្លួនឯង៕