(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ បាននិយាយថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងទឹកជំនន់បង្កឡើង ដោយព្យុះត្រូពិក កំប៉ាស៊ុ (Kompasu) បានកើនដល់ ១៩នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរហ្វីលីពីន បណ្ដាខេត្តជាច្រើននៅលើកោះ Luzon បានរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារព្យុះ Kompasu ដែលបានបង្កការខូចខាតដល់ដំណាំកសិកម្មនានា និងផ្ទះសម្បែងគិតជាទឹកប្រាក់ស្មើនឹង ២០លានដុល្លារ។ ចំណែកឯ ចំនួនអ្នកស្លាប់ទាំង១៩នាក់ខាងលើ ក្នុងនោះមានភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត Ilocos Sur ជាទីដែលជនរងគ្រោះភាគច្រើនស្លាប់ដោយសារទឹកគួចយកទៅបាត់។

គួរបញ្ជាក់ថា មកទល់នឹងបច្ចុប្បន្ន, មនុស្ស១៤នាក់ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួននៅឡើយ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេក្នុងផ្ដល់ ជំនួយដល់ប្រជាជនជិត ១៥,០០០នាក់ដែលកំពុងស្នាក់នៅជំរំបណ្ដោះអាសន្ន និងតាមស្វែងរកអ្នកបាត់ខ្លួន៕